ប្រមុខយោធារបស់សហភាពមីយ៉ាន់ម៉ា បានអំពាវនាវឲ្យរឹតបន្តឹងសន្តិសុខ សម្រាប់សមាជិកគណបក្សនយោបាយ និងបេក្ខជន ខណៈដែលរដ្ឋាភិបាលបណ្តោះអាសន្នដែលទើបត្រូវបានបង្កើតឡើងថ្មីៗ បន្តឆ្ពោះទៅមុខការជាមួយនឹងគម្រោងរៀបចំការបោះឆ្នោតដែលត្រៀមនឹងកើតឡើងនៅខែធ្នូ និងខែមករា ជាដំណើរការដែលត្រូវបានលោកខាងលិចបដិសេធ ដោយចាត់ទុកថា ជាផែនការក្លែងបន្លំ។

នៅថ្ងៃពុធ (ទី១៣ ខែសីហា) នេះ សារព័ត៌មាន Global New Light of Myanmar បានចុះផ្សាយថា លោក Min Aung Hlaing ដែលជាប្រធានាធិបតីស្តីទីរបស់ប្រទេសហែកហួរដោយសង្រ្គាមមួយនេះ បានស្នើឲ្យអាជ្ញាធរចាត់វិធានការនានា ដើម្បីការពារអ្នកនយោបាយ និងអ្នកបោះឆ្នោត ខណៈពេលដែលព្រមានអំពីការកើនឡើងនូវការវាយប្រហារលើមន្ត្រីរាជការ ក្នុងអំឡុងពេលបោះឆ្នោត។
ដោយសំដៅទៅលើការអត្ថាធិប្បាយរបស់លោក Min Aung Hlaing នៅឯកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការថ្មីដែលត្រូវបានបង្កើតឡើង ដើម្បីរៀបចំការបោះឆ្នោត ការចុះផ្សាយដោយសារព័ត៌មានរដ្ឋ បានឲ្យដឹងថា៖ «លោកឧត្តមសេនីយបានគូសបញ្ជាក់ថា ការបោះឆ្នោតត្រូវតែកើតឡើងជាដាច់ខាត»។
អាជ្ញាធរដែលគាំទ្រដោយយោធា កាលពីឆ្នាំមុន បានធ្វើជំរឿនទូទាំងប្រទេស ជាកិច្ចប្រឹងប្រែង ដើម្បីធ្វើបញ្ជីឈ្មោះអ្នកបោះឆ្នោត ប៉ុន្តែត្រឹមតែអាចស្ទង់មតិលើមនុស្សក្នុងតំបន់ ១៤៥ ប៉ុណ្ណោះ ក្នុងចំណោមតំបន់ចំនួន ៣៣០ របស់សហភាពមីយ៉ាន់ម៉ា។
យោធាមីយ៉ាន់ម៉ា ក្នុងខែនេះ បានផ្ទេរអំណាចទៅរដ្ឋបាលបណ្តោះអាសន្នដឹកនាំដោយជនស៊ីវិល ដើម្បីរៀបចំការបោះឆ្នោត ពោលគឺមានរយៈពេល ៤ឆ្នាំបន្ទាប់ពីលោក Min Aung Hlaing បានដឹកនាំរដ្ឋប្រហារដែលទម្លាក់រដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតរបស់លោកស្រី Aung San Suu Kyi ដែលជាអ្នកធ្លាប់ឈ្នះពានរង្វាន់ណូបែល៕
