ម៉ិកស៊ិក បានបណ្តេញសមាជិកក្រុមជួញដូរគ្រឿងសង្ស័យ ២៦នាក់ ទៅកាន់សហរដ្ឋអាមេរិក នៅក្នុងកិច្ចព្រមព្រៀងចុងក្រោយរបស់ខ្លួនជាមួយរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump ។
ការបញ្ជូនខ្លួនមនុស្សនេះ ត្រូវបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់ការិយាល័យអគ្គរដ្ឋអាជ្ញាម៉ិកស៊ិក និងក្រសួងសន្តិសុខម៉ិកស៊ិក កាលពីថ្ងៃអង្គារ ។
សេចក្តីថ្លែងការណ៍រួមនេះ និយាយថា ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានស្វែងរកការធ្វើបត្យាប័ន ហើយខ្លួនត្រូវបានគេធានាថា ទោសប្រហារជីវិតពុំត្រូវបានធ្វើនោះទេលើជនសង្ស័យណាម្នាក់ដែលត្រូវបានកាត់ទោសរួចទៅហើយនោះ ។

ការបញ្ជូនខ្លួនមនុស្សនេះដែរ បានកើតមាន ស្របពេលរដ្ឋបាលរបស់លោក Trumpបន្តដាក់សម្ពាធម៉ិកស៊ិកឲ្យចាត់វិធានការបន្ថែមទៀតប្រឆាំងនឹងក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងការរត់ពន្ធគ្រឿងញៀន និងរត់ពន្ធមនុស្សខុសច្បាប់ ។
យុទ្ធនាការដាក់សម្ពាធ គឺជាសង្រ្គាមពន្ធលើការនាំចេញទំនិញរបស់ម៉ិកស៊ិកទៅកាន់សហរដ្ឋអាមេរិក ដែលបច្ចុប្បន្នត្រូវបានគេទារពន្ធក្នុងកម្រិតខ្ពស់ជាងមុន ។
លោក Trumpនិយាយថា ពន្ធនាំចូលចាំបាច់ឲ្យម៉ិកស៊ិកទទួលខុសត្រូវចំពោះការគំរាមកំហែងបង្កឡើងដោយសារជនបរទេសខុសច្បាប់ និងគ្រឿងញៀន ៕
