ក្រសួងការបរទេសរបស់អេស្តូនី នៅថ្ងៃពុធ (ទី១៣ ខែសីហា) នេះ បានឲ្យដឹងថា ប្រទេសរបស់តំបន់បាល់ទិកមួយនេះ កំពុងបណ្តេញអ្នកការទូតរុស្ស៊ីម្នាក់ ពាក់ព័ន្ធនឹងការរំលោភទណ្ឌកម្ម និងបទល្មើសព្រហ្មទណ្ឌផ្សេងទៀត ប្រឆាំងនឹងរដ្ឋនេះ ជាចំណាត់ការដែលជំរុញឲ្យទីក្រុងមូស្គូប្រាប់ថា ខ្លួននឹងសងសឹក។
ដោយមិនបញ្ចេញឈ្មោះអ្នកការទូតរូបនោះ ក្រសួងបានប្រាប់ថា លេខាទី១ នៃស្ថានទូតរុស្ស៊ី នៅទីក្រុង Tallinn ត្រូវបានប្រកាសថា គឺជា «បុគ្គលមិនត្រូវបានស្វាគមន៍ ហើយត្រូវតែចាកចេញពីប្រទេសអេស្តូនី»។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោក Alexei Fadeev បាននិយាយថា ការបណ្តេញចេញនេះ គឺជាទង្វើអរិភាព ហើយទីក្រុងមូស្គូនឹងឆ្លើយតប។
គួរបញ្ជាក់ថា ទំនាក់ទំនងការទូត រវាងទីក្រុងមូស្គូ និងប្រទេសអេស្តូនី ដែលជារដ្ឋសមាជិករបស់អង្គការណាតូ និងសហភាពអឺរ៉ុប បានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានការលុកលុយទ្រង់ទ្រាយធំរបស់រុស្ស៊ី លើអ៊ុយក្រែន ក្នុងឆ្នាំ២០២២៕