រដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan នៅថ្ងៃពុធ (ទី១៣ ខែសីហា) នេះ បានប្រាប់ឲ្យដឹងថា កងជីវពលឃឺដ YPG ដែលដឹកនាំកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) គាំទ្រដោយសហរដ្ឋអាមេរិក គួរតែបញ្ឈប់ «ការពន្យារពេល» និងគោរពតាមកិច្ចព្រមព្រៀងសមាហរណកម្មជាមួយរដ្ឋាភិបាលស៊ីរី។
ប្រទេសទួរគីដែលជាសមាជិករបស់អង្គការណាតូ គឺជាសម្ព័ន្ធមិត្តបរទេសដ៏សំខាន់មួយរបស់ស៊ីរី បន្ទាប់ពីលោក Bashar al-Assad ត្រូវបានទម្លាក់ចេញពីអំណាចកាលពីឆ្នាំមុន។
កងកម្លាំង SDF ដែលគ្រប់គ្រងភាគច្រើននៃតំបន់ភាគឦសានស៊ីរី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយទីក្រុងដាម៉ាស កាលពីខែមីនា ដើម្បីធើ្វសមាហរណកម្មជាមួយប្រព័ន្ធរដ្ឋស៊ីរី។ ទាំងកងកម្លាំង SDF និង YPG សុទ្ធតែត្រូវបានទីក្រុង Ankara ចាត់ទុកថា ជាអង្គការភេរវករដូចគ្នា។
អំឡុងសន្និសីទសារព័ត៌មានរួមជាមួយសមភាគីស៊ីរី លោក Asaad al-Shibani ក្នុងទីក្រុង Ankara លោក Fidan បានប្រាប់ថា៖ «ប្រទេសទួរគីនឹងមិនមានភាពសុខស្រួលឡើយ ប្រសិនបើក្ដីបារម្ភអំពីសន្តិសុខរបស់ខ្លួន នៅក្នុងប្រទេសស៊ីរី មិនត្រូវបានដោះស្រាយទេនោះ»។
លោក Fidan បានបន្ថែមថា៖ «ក្តីបារម្ភតែមួយគត់របស់យើង គឺថា គ្រប់កងកម្លាំងជនជាតិភាគតិច និងសាសនាទាំងអស់ នៅក្នុងប្រទេសស៊ីរី បន្តមានវត្តមានរបស់ពួកគេ ដោយមិនបង្កការគំរាមកំហែងដល់ប្រទេសណាមួយ គ្មានក្រុមប្រដាប់អាវុធ និងភេរវករនៅលើទឹកដីរបស់ពួកគេ ពោលគឺមានប្រទេសស៊ីរីមួយប្រកបដោយឯកភាពជាតិ និងបូរណភាពដែនដី»។
ដោយសំដៅទៅលើការសម្រេចចិត្តរបស់ក្រុមសកម្មប្រយុទ្ធខុសច្បាប់ គឺគណបក្សពលករឃឺដ (PKK) ដែលមិនព្រមរំសាយ និងដកហូតអាវុធ លោក Fidan បានសង្កត់ធ្ងន់ថា៖ «យុគសម័យថ្មីមួយ បានចាប់ផ្តើមនៅក្នុងតំបន់ ហើយមានដំណើរការថ្មីមួយនៅក្នុងប្រទេសទួរគី។ កងកម្លាំងនេះគួរតែទាញយកអត្ថប្រយោជន៍ពីការវិវត្តដ៏វិជ្ជមានទាំងនោះ»៕