យោងតាមការអះអាងរបស់មនុស្ស ៦នាក់ ដែលនៅស្និតនឹងបញ្ហាដែលបានទម្លាយប្រាប់សារព័ត៌មាន AP បានឲ្យដឹងថា អ៊ីស្រាអែលកំពុងពិភាក្សាជាមួយប្រទេសស៊ូដង់ខាងត្បូង ពាក់ព័ន្ធនឹងការបំលាស់ទីទាំងបង្ខំជនប៉ាឡេស្ទីនចេញពីតំបន់ហ្កាហ្សាទៅកាន់ប្រទេសនៅអាហ្វ្រិកខាងកើតមួយនេះ ។
សំណើនេះគឺជាផ្នែកមួយនៃកិច្ចខិតខំរបស់អ៊ីស្រាអែល ក្នុងការជម្លៀសជនប៉ាឡេស្ទីនចេញពីតំបន់ហ្កាហ្សា គឺជាចំណាត់ការមួយដែលក្រុមសិទ្ធិមនុស្សព្រមានថា វានឹងក្លាយជាការបណ្តេញចេញទាំងបង្ខំ ការបោសសម្អាតជនជាតិភាគតិច និងបំពានលើច្បាប់អន្តរជាតិ ។
ក្រុមអ្នករិះគន់ផែនការផ្ទេរមនុស្សនេះ មានការព្រួយបារម្ភថា ជនប៉ាឡេស្ទីននឹងមិនត្រូវអនុញ្ញាតឲ្យវិលត្រឡប់មកកាន់តំបន់ហ្កាហ្សាវិញនោះទេ ហើយការចាកចេញទ្រង់ទ្រាយធំ នឹងត្រួសត្រាយផ្លូវឲ្យអ៊ីស្រាអែលដាក់ដែនដីមួយនេះ ជាឧបសម្ព័ន្ធរបស់ខ្លួន ហើយនិងបង្កើតការតំាងលំនៅនិគមន៍ឡើងវិញនៅទីនោះ ។
ប្រទេសស៊ូដង់ខាងត្បូង បានព្យាយាមងើបឡើងវិញពីសង្រ្គាមស៊ីវិលដែលបានផ្ទុះឡើងភ្លាមៗក្រោយទទួលបានឯករាជ្យកាលពីឆ្នាំ ២០១១ ដោយបានសម្លាប់មនុស្សជិត ៤០ម៉ឺននាក់ និងធ្វើឲ្យតំបន់ជាច្រើនក្នុងប្រទេសមួយនេះ ប្រឈមនឹងគ្រោះទុរ្ភិក្ស ។ ប្រទេសមួយនេះ បានទទួលជនភៀសខ្លួនយ៉ាងច្រើនពីប្រទេសជិតខាងផងដែរ ៕