ព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានអញ្ជើញទៅដល់ក្រុងព្រះសីហនុហើយ នៅព្រឹកថ្ងៃទី១៨ ខែមករានេះ ដើម្បីអញ្ជើញជាអធិបតីបើក វេទិកាទេសចរណ៍អាស៊ាន លើកទី៤០ (ATF 2022) នៅរសៀលថ្ងៃនេះ។
វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ត្រូវបានរៀបចំចាប់ពីថ្ងៃទី១៦-២២ ខែមករានេះ។ វេទិកានេះ មានសារសំខាន់ ក្នុងការជំរុញផ្សព្វផ្សាយវិស័យទេសចរណ៍របស់ប្រទេស ទាំង១០ ដែលជាសមាជិកអាស៊ាន។
វេទិកាទេសចរណ៍អាស៊ានឆ្នាំនេះ ដែលត្រូវរៀបចំឡើងនៅកម្ពុជា គឺជាការបង្ហាញឱ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក៏ដូចជាប្រទេសសមាជិកអាស៊ានដទៃទៀត ក្នុងការធ្វើឱ្យវិស័យទេសចរណ៍មានដង្ហើមឡើងវិញ ក្រោយរងការវាយប្រហារយ៉ាងខ្លាំងពីវិបត្តិជំងឺកូវីដ-១៩ រយៈពេលប្រមាណ ២ឆ្នាំកន្លងទៅនេះ។
មុនពេលមកដល់នៃវិបត្តិកូវីដ-១៩ ក្នុងឆ្នាំ២០១៩ ប្រទេសសមាជិកអាស៊ាន គឺជាទីតាំងសម្រាប់ លម្ហែកាយ និងដំណើរកម្សាន្តដ៏ទាក់ទាញមួយ។ អ្នកទេសចរអន្តរជាតិចូលមកអាស៊ាន ចំនួនជាង ១៣៦ លាននាក់ និងបង្កើតការងារផ្ទាល់ប្រមាណ ៣០លាននាក់។ វិស័យទេសចរណ៍នេះ បានផ្តល់ចំណូលប្រមាណ ១០ភាគរយ នៃផលិតផលសរុបរបស់អាស៊ាន។ តែនៅឆ្នាំ២០២០ ទេសចរអន្តរជាតិ ចូលមក ទស្សនាអាស៊ាន មានត្រឹមប្រមាណជាង ២៥លាននាក់ប៉ុណ្ណោះ ធ្លាក់ចុះប្រមាណជាង៨០ភាគរយ។ ចំណូលពីទេសចរណ៍ ធ្លាក់ចុះរហូតដល់ជាង៧៥ភាគរយ។
វេទិកាទេសចរណ៍អាស៊ានលើកទី៤០ នឹងភ្ជាប់ជាមួយកិច្ចប្រជុំស្ថាប័នជាតិទេសចរណ៍អាស៊ាន (ASEAN NTO) កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ព្រឹត្តិការណ៍អម និងការតាំង ពិព័រណ៍ទេសចរណ៍ (Travel Exchange/ Travex) ខ្នាតតូចល្មម។
ព្រឹត្តិការណ៍នេះ ក៏មានការចូលរួមពី ដៃគូសន្ទនា ដូចជា អង្គការទេសចរណ៍ពិភពលោក (UNWTO), សមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) និងសមាគមទេសចរណ៍អាស៊ាន (ASEANTA) ។
វេទិកានេះ ក៏មានការដាក់លក់ទំនិញ ផ្សេងៗរហូតដល់ទៅ១៨៧ស្តង់ ក្នុងនោះស្តង់អន្តរជាតិ ចំនួន៦១ និងស្តង់ក្នុងស្រុក ចំនួន១២៦ មកពី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ភូមា ហ្វីលីពីន និងថៃ ។ល។
ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញក្តីសង្ឃឹមថា វេទិកាទេសចរណ៍អាស៊ាន ឆ្នាំនេះនឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការប្រកាសបើកគោលដៅទេសចរណ៍ក្នុងតំបន់អាស៊ានឡើង វិញជាផ្លូវការ។
ព្រឹត្តិការណ៍អន្តរជាតិនេះ នឹងជួយផ្សព្វផ្សាយពីប្រទេសកម្ពុជា ជាគោលដៅទេសចរណ៍ សុវត្ថិភាពមួយក្នុងតំបន់អាស៊ាន៕ អត្ថបទ៖ មុត សុទ្ធ


