លោកប្រធានាធិបតី Donald Trump បានព្រមានកាលពីថ្ងៃពុធសប្ដាហ៍នេះថា រុស្ស៊ី នឹងប្រឈមផលវិបាកធ្ងន់ធ្ងរ បើមេដឹកនាំរុស្ស៊ីរូបនេះ នៅតែមិនព្រមបញ្ចប់សង្គ្រាមជាមួយអ៊ុយក្រែន នៅមុនកិច្ចប្រជុំកំពូលថ្ងៃសុក្រស្អែកនេះ ជាមួយលោក Vladimir Putin ។

លោក Trump ដែលមិនបានបញ្ជាក់ថាអ្វីជាផលវិបាកនោះ មានការស្ទាក់ស្ទើរក្នុងការបង្កើនទណ្ឌកម្មសេដ្ឋកិច្ច ឬពន្ធលើរុស្ស៊ី បើទោះបីជាលោកមានការខកចិត្តកាន់តែខ្លាំងចំពោះការវាយប្រហារកាន់តែខ្លាំងរបស់រុស្ស៊ី លើទីក្រុងអ៊ុយក្រែន ជនស៊ីវិល និងការព្រងើយកន្តើយចំពោះកិច្ចចរចាសន្តិភាពក៏ដោយ។
ការទម្លាក់ក្ដីរំពឹងទុកថាការអង្គុយជជែកទល់មុខគ្នាជាមួយលោក Putin នៅរដ្ឋអាឡាស្កា នឹងនាំមកនូវការទម្លាយភាពទាល់ច្រកមួយ លោក Trump បាននិយាយថាលោកសង្ឃឹមថាកិច្ចប្រជុំដំបូងនេះអាចនាំទៅរកកិច្ចប្រជុំមួយផ្សេងទៀតដែលរួមមានលោក Putin ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy និងរូបលោក ។
ការអត្ថាធិប្បាយរបស់លោក Trump បានកើតឡើងអំឡុងពេលបង្ហាញវត្តមាននៅមជ្ឈមណ្ឌល Kennedy ។ប្រធានាធិបតីរូបនេះ បានព្រមានថា លោកនឹងមិនបន្តកិច្ចប្រជុំត្រីភាគីឡើយ ប្រសិនបើលោក គិតថា លោក Putin គ្មានភាពស្មោះត្រង់ ។ លោក Trump បាននិយាយថា ប្រហែលជាមិនមានកិច្ចប្រជុំលើកទីពីរទេ ព្រោះប្រសិនបើលោកយល់ថាវាមិនសមស្របនឹងមាន ហើយបើរូបលោកមិនទទួលបានចម្លើយដែលត្រូវមាន នោះយើងនឹងមិនមានកិច្ចប្រជុំលើកទីពីរទេ។
ការអត្ថាធិប្បាយរបស់លោក Trump នៅមជ្ឈមណ្ឌល Kennedy Center ក៏បានកើតឡើងភ្លាមៗ ផងដែរបន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរយៈពេលមួយម៉ោង ជាមួយក្រុមមេដឹកនាំអឺរ៉ុប រួមទាំងលោក Zelenskyy ក្នុងការរៀបចំសម្រាប់ជំនួបកំពូលនៅថ្ងៃសុក្រស្អែកនេះ៕

