ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយកាលពីថ្ងៃពុធ ទី១៣ សីហា ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និយាយថា អ៊ុយក្រែនត្រូវតែចូលរួមនៅក្នុងការចរចាអំពីទឹកដីនៅក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ណាមួយជាមួយរុស្ស៊ី ដោយបានលើកឡើងថាទីក្រុងគីវ និងសម្ព័ន្ធមិត្តអឺរ៉ុប បានទទួលសាររបស់ខ្លួននៅមុនពេលជំនួបកំពូល។

ការអត្ថាធិប្បាយនេះគឺស្ថិតក្នុងចំណោមការបញ្ជាក់ដំបូងនៃអ្វីដែលកើតចេញពីកិច្ចពិភាក្សារវាងលោក Trump មេដឹកនាំអឺរ៉ុប និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ដែលមានបំណងផ្តល់អំណាចដល់លោក Trump ខណៈលោកត្រៀមជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅរដ្ឋ Alaska នៅថ្ងៃសុក្រស្អែកនេះ។
ការទទូចរបស់លោកTrump លើការពាក់ព័ន្ធនឹងអ៊ុយក្រែន ប្រសិនបើត្រូវបានបញ្ជាក់ វាអាចនាំមកនូវភាពធូរស្រាលដល់អ៊ុយក្រែន និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលព្រួយបារម្ភថា លោក Trump និងលោក Putin អាចឈានដល់កិច្ចព្រមព្រៀងលក់ផលប្រយោជន៍សន្តិសុខរបស់អឺរ៉ុបនិងអ៊ុយក្រែន ហើយស្នើឱ្យបែងចែកទឹកដីអ៊ុយក្រែន។

លោក Trump និងលោក Putin គ្រោងនឹងពិភាក្សាគ្នាអំពីវិធីដើម្បីបញ្ចប់ជម្លោះដែលមានរយៈពេល៣ឆ្នាំកន្លះជាជម្លោះធំបំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។ លោក Trump បាននិយាយថា ភាគីទាំងពីរនឹងត្រូវដោះដូរដី ដើម្បីបញ្ចប់ការប្រយុទ្ធគ្នាដែលបានបណ្តាលឱ្យមនុស្សរាប់ម៉ឺននាក់បាត់បង់ជីវិត និងរាប់លាននាក់ជម្លៀសខ្លួនចេញ។