យោងតាមអាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សាបានឲ្យដឹងថា យោធារបស់អ៊ីស្រាអែលបានបាញ់ផ្លោងចូលទីក្រុងហ្កាហ្សាកាលពីថ្ងៃពុធមុនពេលចូលដណ្តើមកាន់កាប់តាមផែនការ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់១២៣នាក់ ខណៈក្រុមសកម្មប្រយុទ្ធហាម៉ាសពិភាក្សាបន្ថែមទៀតជាមួយក្រុមអ្នកសម្របសម្រួលអេហ្ស៊ីប។

ចំនួនអ្នកស្លាប់រយៈពេល២៤ម៉ោងកន្លងទៅនេះគឺអាក្រក់បំផុតក្នុងមួយសប្តាហ៍នេះ ហើយបានបន្ថែមទៅលើអ្នកស្លាប់ដ៏ច្រើនពីសង្គ្រាមជិត២ឆ្នាំ ដែលបានបំផ្លាញតំបន់ហ៊ុមព័ទ្ធជាទីជម្រករបស់ពលរដ្ឋប៉ាឡេស្ទីនជាងពីរលាននាក់។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបញ្ជាក់ជាថ្មីនូវគំនិតមួយ ហើយក៏ត្រូវបានស្នើដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដែលថាប្រជាជនប៉ាឡេស្ទីនគួរតែចាកចេញ។ លោកបាននិយាយទៅកាន់ទូរទស្សន៍អ៊ីស្រាអែល i24NEWS ថា «ពួកគេពុំមែនត្រូវបានបណ្តេញចេញទេ ពួកគេត្រូវបានអនុញ្ញាតឱ្យចាកចេញ»។ «អ្នកទាំងអស់ដែលបារម្ភចំពោះពលរដ្ឋប៉ាឡេស្ទីន ហើយនិយាយថាពួកគេចង់ជួយពលរដ្ឋប៉ាឡេស្ទីន គួរតែបើកទ្វាររបស់ខ្លួន ហើយឈប់បង្រៀនយើង»។ ប្រទេសអារ៉ាប់ និងមេដឹកនាំពិភពលោកជាច្រើន មានកំហឹងចំពោះគំនិតនៃការជម្លៀសប្រជាជននៅតំបន់ ហ្កាហ្សា ដែលពលរដ្ឋប៉ាឡេស្ទីននិយាយថានឹងដូចជា «មហន្តរាយមួយផ្សេងទៀត» ដែលនៅពេលនោះមនុស្សរាប់សែននាក់បានភៀសខ្លួនចេញ ឬត្រូវបានបង្ខំឱ្យចាកចេញក្នុងកំឡុងសង្គ្រាមឆ្នាំ១៩៤៨។ ក្រុមមន្ត្រីបាននិយាយថា ការដណ្តើមយកជាថ្មីទីក្រុងហ្កាហ្សាតាមផែនការរបស់អ៊ីស្រាអែល ដែលធ្លាប់បានធ្វើឡើងនៅដើមដំបូងនៃសង្រ្គាមមុនពេលដកកងទ័ពចេញ ប្រហែលជាអាចកើតឡើងនៅប៉ុន្មានសប្តាហ៍ខាងមុខ។ នោះមានន័យថា បទឈប់បាញ់នៅតែអាចធ្វើទៅបាន ទោះបីជាការចរចាមានភាពរអាក់រអួល ហើយជម្លោះនៅតែផ្ទុះឡើងក៏ដោយ។
