យោងតាមអ្នកស្រាវជ្រាវសហរដ្ឋអាមេរិកពីររូប និងប្រភពសន្តិសុខពីលោកខាងលិចម្នាក់ បាននិយាយប្រាប់សារព័ត៌មានរ៉យទ័រថា រុស្ស៊ីហាក់កំពុងត្រៀមសាកល្បងមីស៊ីលតម្រង់គោលដៅដែលបំពាក់អាវុធនុយក្លេអ៊ែរ និងដើរដោយថាមពលនុយក្លេអ៊ែរថ្មីរបស់ខ្លួន ប្រហែលជានៅសប្ដាហ៍នេះ ទោះបីជាប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កំពុងត្រៀមចូលរួមកិច្ចពិភាក្សាស្តីពីអ៊ុយក្រែន ជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump នៅថ្ងៃសុក្រស្អែកនេះក៏ដោយ។

អ្នកស្រាវជ្រាវអាមេរិកទាំងពីររូបនោះ បានឈានដល់ការវាយតម្លៃបែបនេះដោយឡែកពីគ្នា តាមរយៈការសិក្សារូបភាពផ្កាយរណបដែលថតបានក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះរហូតដល់ថ្ងៃអង្គារ (១២ សីហា) ដោយស្ថាប័ន Planet Labs ដែលជាក្រុមហ៊ុនផ្កាយរណបពាណិជ្ជកម្មដ៏ធំ។
អ្នកស្រាវជ្រាវទាំងពីរបានយល់ស្របថា រូបថតទាំងនោះបង្ហាញពីសកម្មភាពយ៉ាងទូលំទូលាយនៅឯទីតាំងសាកល្បងមីស៊ីល Pankovo លើប្រជុំកោះ Barents Sea នៃតំបន់ Novaya Zemlya របស់រុស្ស៊ី រួមទាំងការបង្កើនចំនួនបុគ្គលិក ឧបករណ៍ នាវា និងយន្តហោះ ដែលទាក់ទងនឹងការធ្វើតេស្តពីមុននៃមីស៊ីលប្រភេទ 9M730 Burevestnik ឬហៅថា Storm Petrel។
អ្នកស្រាវជ្រាវមួយរូបក្នុងចំណោមនោះនិយាយថា ការសាកល្បងមីស៊ីលមួយ អាចកើតឡើងក្នុងសប្តាហ៍នេះ ដោយបង្កើនលទ្ធភាពដែលថា ការធ្វើតេស្តសព្វាវុធនោះអាចគ្របដណ្តប់លើកិច្ចប្រជុំកំពូលរវាងលោក Trump-Putin នៅរដ្ឋអាឡាស្កា។ ប្រភពសន្តិសុខលោកខាងលិច ដែលសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា រុស្ស៊ី ពីតជាកំពុងរៀបចំការធ្វើតេស្តមីស៊ីល Burevestnik នោះមែន។
លោក Putin ធ្លាប់និយាយហើយថា មីស៊ីលដែលអង្គការណាតូហៅថា SSC-X-9 Skyfall នោះ គឺជាអាវុធដែលខែលការពារមីស៊ីលបច្ចុប្បន្ននិងអនាគត "មិនអាចយកឈ្នះបាន" ជាមួយនឹងរយៈចម្ងាយស្ទើរតែគ្មានដែនកំណត់ និងផ្លូវហោះហើរដែលមិនអាចទាយទុកជាមុនបាន៕


