មនុស្សយ៉ាងហោចណាស់ ២៦ នាក់បានស្លាប់បន្ទាប់ពីទូកពីរគ្រឿងបានលិចក្បែរកោះ Lampedusa ភាគខាងត្បូងរបស់ប្រទេសអ៊ីតាលី ហើយទីភ្នាក់ងារអង្គការសហប្រជាជាតិនិយាយថាជនភៀសខ្លួន និងជនអន្តោប្រវេសន៍បន្ថែមទៀតអាចបាត់ខ្លួន ខណៈប្រតិបត្តិការស្វែងរកនៅតែបន្ត។

យោងតាមកាកបាទក្រហមអ៊ីតាលី និងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានឲ្យដឹងថា សេវាកម្មជួយសង្គ្រោះកាលពីថ្ងៃពុធសប្ដាហ៍នេះ បានជួយសង្គ្រោះអ្នកនៅរស់រានមានជីវិតចំនួន៦០នាក់ ក្នុងនោះមានបុរស៥៦នាក់ និងស្ត្រី៤នាក់ បាននាំទៅកាន់កោះ Lampedusa ។

លោក Flavio Di Giacomo អ្នកនាំពាក្យអង្គការទេសន្តរប្រេវេសន៍អន្តរជាតិរបស់អង្គការសហប្រជាជាតិ (IOM) បាននិយាយថា មនុស្សប្រហែល ៩៥ នាក់បានធ្វើដំណើរលើទូកទាំងពីរនោះ។
លោកបានសរសេរនៅលើបណ្តាញសង្គមថា មនុស្ស ៦០ នាក់ត្រូវបានជួយសង្គ្រោះ ហើយជនរងគ្រោះប្រហែល ៣៥នាក់ត្រូវគេបារម្ភថាស្លាប់ ឬបាត់ខ្លួន ។
គ្រោះមហន្តរាយដែលពាក់ព័ន្ធនឹងមនុស្សធ្វើដំណើរពីប្រទេសលីប៊ី គឺជាគ្រោះមហន្តរាយចុងក្រោយបង្អស់ដែលបានកើតឡើងចំពោះជនភៀសខ្លួន និងជនអន្តោប្រវេសន៍ ដែលបណ្តាលឱ្យមានគ្រោះមហន្តរាយឆ្លងសមុទ្រមេឌីទែរ៉ាណេ ពីទ្វីបអាហ្វ្រិកទៅអឺរ៉ុប៕