នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបង្ហាញថា កិច្ចខិតខំប្រឹងប្រែងបទឈប់បាញ់នៅតំបន់ហ្កាហ្សា ឥឡូវនេះ គឺផ្តោតលើកិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយ ដើម្បីដោះលែងចំណាប់ខ្មាំងដែលនៅសល់ទាំងអស់ក្នុងពេលតែមួយ។ផែនការដែលត្រូវបានជំរុញកាលពីកន្លងទៅ គឺសម្រាប់បទឈប់បាញ់រយៈពេល ៦០ ថ្ងៃដំបូង និងការដោះលែងចំណាប់ខ្មាំងដែលនៅរស់តាមដំណាក់កាល។

ក្រុមហាម៉ាសនិយាយថា គណៈប្រតិភូនៃមេដឹកនាំរបស់ខ្លួន កំពុងស្ថិតនៅក្នុងទីក្រុងគែរ សម្រាប់កិច្ចពិភាក្សាបឋម ជាមួយមន្ត្រីអេហ្ស៊ីប។
របាយការណ៍បាននិយាយថាក្រុមអ្នកសម្របសម្រួលមើលឃើញឱកាសក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះដើម្បីព្យាយាមជំរុញកិច្ចព្រមព្រៀងមួយឱ្យសម្រេចបាន។
បន្ទាប់ពីកិច្ចចរចាដោយប្រយោលរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានបរាជ័យកាលពីខែមុន អ៊ីស្រាអែលបានប្រកាសផែនការដ៏ចម្រូងចម្រាសមួយដើម្បីពង្រីកការវាយលុកយោធារបស់ខ្លួន និងដណ្តើមយកគ្រប់គ្រងដែនដីហ្កាហ្សាទាំងស្រុង រួមទាំងតំបន់ដែលប្រជាជនប៉ាឡេស្ទីនភាគច្រើននៃប្រជាជន ពីរលាននាក់បានស្វែងរកកន្លែងជ្រកកោន។
ទោះយ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល មិនរំពឹងថា ប្រតិបត្តិការថ្មីនឹងចាប់ផ្តើមរហូតដល់ខែតុលានោះទេ ដែលអនុញ្ញាតឱ្យមានពេលវេលាសម្រាប់ការរៀបចំយោធា រួមទាំងការហៅក្រុមកងកម្លាំងបម្រុងយ៉ាងច្រើនផងដែរ។
ទន្ទឹមនឹងនេះ ការវាយប្រហារដ៏ខ្លាំងក្លារបស់អ៊ីស្រាអែលបានបន្តនៅក្នុងតំបន់ហ្កាហ្សា ហើយក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា មានជនជាតិប៉ាឡេស្ទីន យ៉ាងហោចណាស់១២៣ នាក់ត្រូវបានសម្លាប់កាលពីមួយថ្ងៃកន្លងមកនេះ ៕

