ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ចថា ក្នុងឆ្នាំ២០២២នេះ កម្ពុជានឹងមានឱកាសច្រើនក្នុងការនាំចេញ អនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ ដោយសារការបន្តកើនឡើងនៃតម្រូវការខាងក្រៅ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់កម្ពុជា និងប្រទេសដៃគូពាណិជ្ជកម្ម ដែលជាផ្នែកមួយជួយដល់កម្ពុជា ក្នុងការជម្រុញផលិតកម្មក្នុងស្រុក និងជួយដល់កំណើនសេដ្ឋកិច្ចរឹងមាំ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV នៅថ្ងៃ១៨ ខែមករា ឆ្នាំ២០២២នេះថា នៅក្នុងស្ថានភាពនៃវិបត្តិជំងឺកូវីដ១៩ ប្រទេសមួយចំនួននៅមិនទាន់អាចគ្រប់គ្រងបានល្អប្រសើរនៅឡើយ ចំណែកទីផ្សារនាំចេញគឺនៅមានកម្រិត។ នេះគឺជាឱកាសរបស់កម្ពុជា ក្នុងការជម្រុញខ្សែច្រវ៉ាក់ ផលិតកម្ម ដើម្បីបម្រើទីផ្សារនាំចេញ ស្របពេលកម្ពុជាបានទប់ស្កាត់ និងចាក់វ៉ាក់សាំងបានយ៉ាងច្រើនលើសលប់ ធ្វើឲ្យស្ថិរភាពក្នុងស្រុកអាចគ្រប់គ្រងបាន។
ចំណែកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងថា ជុំវិញការខិតខំប្រឹងប្រែងគៀងគរអ្នកវិនិយោគ របស់រាជរដ្ឋាភិបាល បច្ចុប្បន្នកម្ពុជាទទួលរោងចក្រ សហគ្រាស អភិវឌ្ឍន៍លើវិស័យកម្មន្តសាលមិនមែនការកាត់ដេរបានកំពុងដំណើរការយ៉ាងផុលផុសនៅក្នុងប្រទេស ដែលជាគ្រឹះយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍន៍ ហើយអនុវិស័យនេះនឹងអាចពង្រីកខ្លួនកាន់ធំ សម្រាប់ជួយជ្រោមជ្រែងដល់កំណើនសេដ្ឋកិច្ច។
អនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ រួមមាន៖ គ្រឿងសង្ហារិម, ស្បែកសត្វមានរោម, ក្តារកុងផ្លាកេ, ឈើមូល ឬឈើអារ និងឈើ veneer, វត្ថុសម្រាប់ជាងសំណង់ធ្វើពីប្លាស្ទិក, សូឡា, គ្រឿងអេឡិចត្រូនិក និងភាគបំណែក, ខ្សែភ្លើង និងបង្គុំខ្សែភ្លើង, កៅស៊ូ, ចេក, ស្ករស, ដំឡូងមី, ស្វាយ និងកសិផលផ្សេងៗជាដើម៕ អត្ថបទ៖ សុន រ៉ាឌី




