រដ្ឋាភិបាលប្រទេសប្រេស៊ីល បានបង្ហាញផែនការគាំទ្រក្រុមហ៊ុននាំចេញក្នុងស្រុកដែលរងផលប៉ះពាល់ដោយការដំឡើងពន្ធ៥០ភាគរយដាក់ដោយសហរដ្ឋអាមេរិក។ ក្រុមមន្ត្រី បានប្រកាសពីអ្វីដែលត្រូវបានគេដាក់ឈ្មោះថា «អធិបតេយ្យភាពប្រេស៊ីល» ដែលជាចរន្តឥណទានមានការប្រាក់ទាបចំនួន៥,៥ពាន់លានដុល្លារ កាលពីថ្ងៃពុធ។

ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានពណ៌នាអំពីផែនការនេះ រួមបញ្ចូលទាំងសេចក្តីស្នើច្បាប់ដែលត្រូវបញ្ជូនទៅកាន់សភា ជាចំណាត់ការដំបូងដើម្បីជួយក្រុមហ៊ុននាំចេញក្នុងស្រុក។ ថ្នាក់ដឹកនាំសភា បានចូលរួមក្នុងពិធីមួយកាលពីថ្ងៃពុធ ជាលើកដំបូងក្នុងរយៈពេលជាច្រើនខែមកនេះក្នុងសញ្ញានៃការកើនឡើងការគាំទ្រផ្នែកនយោបាយសម្រាប់មេដឹកនាំឆ្វេងនិយម ក្នុងការឆ្លើយតបទៅនឹងការដំឡើងពន្ធគយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ។

វិធានការផ្សេងៗទៀតដែលត្រូវបានប្រកាសដោយរដ្ឋាភិបាលប្រេស៊ីល រួមមានការពន្យារពេលការយកពន្ធសម្រាប់ក្រុមហ៊ុននានាដែលរងផលប៉ះពាល់ដោយការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក ការផ្តល់ឥណទានពន្ធចំនួន៩២៦.០០០ដុល្លារ ដល់ក្រុមហ៊ុនខ្នាតតូចនិងមធ្យមរហូតដល់ដំណាច់ឆ្នាំ២០២៦ និងការពង្រីកដំណើរការទទួលបានការធានារ៉ាប់រងលើការបញ្ជាទិញដែលត្រូវបានលុបចោល។ ផែនការនេះក៏ជំរុញទឹកចិត្តដល់ការទិញទំនិញជាសាធារណៈ ដែលមិនអាចនាំចេញទៅសហរដ្ឋអាមេរិកបាន។