យោធារុស្ស៊ី បាននិយាយកាលពីថ្ងៃពុធ (១៣ សីហា) ថា ខ្លួនបានវាយដណ្ដើមបានភូមិចំនួនពីរបន្ថែមទៀតនៅជិតទីប្រជុំជន Dobropillia ដែលជាអតីតតំបន់ជីកយករ៉ែធ្យូងថ្មនៅភាគខាងកើតអ៊ុយក្រែន ដែលនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពអ៊ុយក្រែន។

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា "ទីតាំងឈរជើងនៅភូមិ Suvorovo និងភូមិ Nikanorivka នៅសាធារណរដ្ឋប្រជាមានិត Donetsk ត្រូវបានរំដោះ" ដោយសំដៅទៅលើតំបន់ Donetsk ដែលខ្លួនកាន់កាប់ដោយផ្នែក។

ភូមិទាំងពីរនេះមានចម្ងាយប្រហែល ១៥គីឡូម៉ែត្រពីទីប្រជុំជន Dobropillia ហើយកាលពីខែមុន អាជ្ញាធរអ៊ុយក្រែនបានបញ្ជាឱ្យជម្លៀសប្រជាជនពីទីនោះរួចរាល់ហើយ។ រុស្ស៊ី បានរុលទៅមុខយ៉ាងឆាប់រហ័សនៅក្នុងតំបន់នេះក្នុងពេលប៉ុន្មានថ្ងៃថ្មីៗ ដោយទម្លុះរបាំងការពាររបស់អ៊ុយក្រែន មុនពេលកិច្ចប្រជុំកំពូលរវាងលោកប្រធានាធិបតីអាមេរិក Donald Trump និងលោក Vladimir Putin របស់រុស្ស៊ី។
យោងតាមការវិភាគនៃទិន្នន័យពីវិទ្យាស្ថានសម្រាប់ការសិក្សាសង្គ្រាមមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានឱ្យដឹងថា ការមានប្រៀបសមរភូមិរបស់កងទ័ពរុស្ស៊ី ដែលបានរាយការណ៍ចុងក្រោយបំផុតនេះគឺជាផលចំណេញ ២៤ម៉ោងដ៏ធំបំផុត ក្នុងពេលជាងមួយឆ្នាំមកនេះ៕