អ្នកនាំពាក្យរបស់កងកម្លាំងការពារអ៊ីស្រាអែល IDF បាននិយាយកាលពីថ្ងៃពុធ (១៣ សីហា) ថា យោធាអ៊ីស្រាអែល បានអនុម័តផែនការសម្រាប់ប្រតិបត្តិការពង្រីកការវាយលុកនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។ អ្នកនាំពាក្យរូបនេះបន្តថា "គោលគំនិតចម្បងក្នុងផែនការសម្រាប់ណាក់កាលបន្ទាប់នៅតំបន់ហ្កាហ្សាស្ទ្រីបនោះ ត្រូវដាក់ចេញ និងអនុម័តដោយអនុលោមតាមការណែនាំរបស់ថ្នាក់ដឹកនាំនយោបាយ"។
ពុំមានព័ត៌មានលម្អិតបន្ថែមទៀតអំពីផែនការដែលបានព្រមព្រៀងរួចនេះទេ ឬការកំណត់ពេលវេលាជាក់លាក់ដែរ ប៉ុន្តែការប្រកាសនេះកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីគណៈរដ្ឋមន្ត្រីសន្តិសុខរបស់អ៊ីស្រាអែល បានអនុម័តផែនការសម្រាប់ការកាន់កាប់លើទីក្រុងហ្កាហ្សា ក្រោយសម័យប្រជុំពេញមួយយប់។
ប្រតិបត្តិការកាន់កាប់ក្រុងហ្កាហ្សាថ្មីនេះ នឹងមើលឃើញកងកម្លាំងអ៊ីស្រាអែលចល័តទៅកាន់តំបន់ដែលខ្លួនជឿថាជាបន្ទាយក្រុមហាម៉ាស និងទីតាំងដែលក្រុមនេះកំពុងលាក់ទុកចំណាប់ថ្នូរសេសសល់។
យ៉ាងណាមិញ គំនិតនៃការបង្កើនការគ្រប់គ្រងយោធានៅដែនដីហ្កាហ្សា បានលាតត្រដាងការប្រេះឆារវាងយោធា និងរដ្ឋាភិបាល ដោយប្រធាននាយសេនាធិការបានព្រមានថា ផែនការនេះអាចបង្កគ្រោះថ្នាក់កាន់តែខ្លាំងដល់អាយុជីវិតរបស់ចំណាប់ថ្នូរ និងធ្វើឱ្យកម្លាំងយោធាកាន់តែហត់នឿយបន្ថែមទៀត៕