អាជ្ញាធរប្រទេសយេម៉ែនកាលពីថ្ងៃពុធ បានប្រកាសពីការបង្ក្រាបលើបណ្តាញរត់ពន្ធជនអន្តោប្រវេសន៍ អាហ្វ្រិក ឆ្លងកាត់ប្រទេសនេះ បន្ទាប់ពីជនអន្តោប្រវេសន៍អេត្យូពីជាង ៩០នាក់ បានស្លាប់ នៅពេលទូកមួយគ្រឿង បានលិចនៅឆ្នេរសមុទ្រ ស្ថិតនៅភាគខាងត្បូងខេត្ត Abyan កាលពីដើមខែនេះ។
នគរបាលខេត្ត Abyan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេនឹងចាត់វិធានការយ៉ាងតឹងរ៉ឹងប្រឆាំងនឹងអ្នកដែលពាក់ព័ន្ធនឹងការដឹកជញ្ជូន ឬរត់ពន្ធជនភៀសខ្លួន និងជនអន្តោប្រវេសន៍ខុសច្បាប់ដែលមានសញ្ជាតិអាហ្វ្រិក។

នៅក្រោមវិធានការថ្មីនេះ កងកម្លាំងសន្តិសុខ នឹងរឹបអូសរថយន្ត ទូក និងមធ្យោបាយដឹកជញ្ជូនផ្សេងទៀតដែលប្រើប្រាស់ក្នុងប្រតិបត្តិការរត់ពន្ធ។ អាជ្ញាធរក៏បានជំរុញសាធារណជនឲ្យសហការជាមួយសេវាសន្តិសុខ ដោយរាយការណ៍ពីការសង្ស័យថា ជាអ្នករត់ពន្ធ ឬការប្រមូលផ្តុំនៃជនអន្តោប្រវេសន៍ដែលគ្មានឯក សារ។
សោកនាដកម្មលិចទូក នៅឆ្នេរសមុទ្រ Abyan បានបណ្តាលឲ្យមនុស្ស ៩២នាក់ ត្រូវបានបញ្ជាក់ថា បានស្លាប់ ហើយអ្នកផ្សេងទៀត នៅតែបាត់ខ្លួន។ អង្គការទេសន្តរប្រវេសន៍អន្តរជាតិ បានព្រមានថា ឧប្បត្តិហេតុបែបនេះ ទំនងជាបន្ត នៅពេលដែលជនអន្តោប្រវេសន៍ងាយរងគ្រោះ ប្រថុយនឹងការធ្វើដំណើរដ៏គ្រោះថ្នាក់តាមបណ្តោយផ្លូវបូព៌ា ដែលចេញពីតំបន់ញកអាហ្រិ្វក (Horn of Africa) ទៅប្រទេសយេម៉ែន និងបន្តទៅបណ្តារដ្ឋឈូងសមុទ្រ។
