អ្នកនាំពាក្យអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធថា តំបន់ចំនួន ១៧ នៃប្រទេសស៊ូដង់ រួមទាំងផ្នែកខ្លះនៃទីក្រុង Darfur តំបន់ភ្នំ Nuba ទីក្រុងខាទុំ( Khartoum) និង Gezira ត្រូវបានចាត់ថ្នាក់ថា កំពុងប្រឈមនឹង«ហានិភ័យនៃគ្រោះទុរ្ភិក្ស»។

លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គុយតឺរេស ( Antonio Guterres) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា រយៈពេលមួយឆ្នាំកន្លងទៅ ក្នុងខែសីហា ឆ្នាំ ២០២៤ គ្រោះទុរភិក្ស ត្រូវបានបញ្ជាក់នៅក្នុងជំរំជម្លៀស Zamzam ក្នុងរដ្ឋ North Darfur នៃប្រទេសស៊ូដង់ ហើយចាប់តាំងពីពេលនោះមក បានរីករាលដាលដល់តំបន់នានា ក្នុងទីក្រុង Darfur និង Kordofan។
ចាប់តាំងពីពេលនោះមក ស្ថានភាពជាពិសេសនៅក្នុងទីក្រុង El Fasher ដែលជារដ្ឋធានីនៃរដ្ឋ North Darfur កាន់តែអាក្រក់ឡើងៗ។

លោក Dujarric បាននិយាយថា កម្មវិធីស្បៀងអាហារពិភពលោក (WFP) កាលពីថ្ងៃពុធ បានអំពាវនាវឲ្យមានលទ្ធភាពមនុស្សធម៌ទៅដល់ទីក្រុង El Fasher ដែលកំពុងប្រឈមនឹងការអត់ឃ្លាន ហើយនៅតែត្រូវបានកាត់ផ្តាច់ពីជំនួយមនុស្សធម៌។
អ្នកនាំពាក្យរូបនេះ បាននិយាយថា អ្នកស្រុកមួយចំនួននៅទីក្រុង El Fasher ត្រូវបានគេរាយការណ៍ថា កំពុងរស់នៅ ដោយពឹងលើចំណីសត្វ និងកាកសំណល់អាហារ។
កម្មវិធីស្បៀងអាហារពិភពលោក (WFP) បន្តផ្តល់ជំនួយជាសាច់ប្រាក់ឌីជីថល ដល់ប្រជាជនប្រហែលមួយភាគបួនលាននាក់ នៅក្នុងទីក្រុងនេះ ដោយអនុញ្ញាតឲ្យពួកគេទិញអាហារតិចតួចដែលនៅសល់ នៅលើទីផ្សារ។ លោកបានបន្តថា ទោះបីជាយ៉ាងណា តម្រូវការដែលកើនឡើង ជំរុញឲ្យមានការចាំបាច់ក្នុងការដោះស្រាយភាពអត់ឃ្លាន ក្នុងកម្រិតមួយ។