យោងតាមប្រភពពីក្រុមមន្ត្រីនៅទីក្រុងញូវដែលី បាននិយាយថា ឥណ្ឌា និងចិន កំពុងពិភាក្សាពីការបន្តធ្វើពាណិជ្ជកម្មតាមព្រំដែនឡើងវិញនៃទំនិញក្នុងស្រុក បន្ទាប់ពីការផ្អាកអស់ពេលជាង ៥ឆ្នាំ ដែលជាជំហានចុងក្រោយបំផុតនៃកិច្ចខិតខំប្រឹងប្រែងយឺតៗប៉ុន្តែមានស្ថិរភាព ដោយប្រទេសជិតខាងអាស៊ីទាំងពីរ ដើម្បីបន្ធូរបន្ថយភាពតានតឹងដ៏យូរអង្វែង។

ប្រភពដែលសុំមិនបញ្ចេញឈ្មោះនោះបាននិយាយថា ភាគីទាំងពីរបានស្នើឱ្យចាប់ផ្តើមពាណិជ្ជកម្មឡើងវិញតាមរយៈចំណុចព្រំដែនដែលបានកំណត់នៅតាមបន្ទាត់ទល់ដែនរួមគ្នា ហើយបញ្ហាទាំងអស់នេះកំពុងស្ថិតក្រោមការពិភាក្សាទ្វេភាគី។
ក្រសួងការបរទេសចិន បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ (១៤ សីហា) នេះថា ទីក្រុងប៉េកាំង "មានឆន្ទៈក្នុងការបង្កើនទំនាក់ទំនង និងការសម្របសម្រួលជាមួយឥណ្ឌា" លើបញ្ហានេះ។ ចំណែកក្រសួងកិច្ចការបរទេសឥណ្ឌា មិនទាន់បានឆ្លើយតបនឹងសំណើសុំអត្ថាធិប្បាយបន្ថែមនោះទេ។
អស់ជាង ៣ទសវត្សរ៍មកហើយ ដែលឥណ្ឌា និងចិន បានជួញដូរទំនិញផលិតក្នុងស្រុកតាមរយៈចំណុច ៣កន្លែងដែលកំណត់នៅតាមបណ្តោយព្រំដែនភ្នំហិម៉ាឡៃដែលមានជម្លោះ ចម្ងាយ ៣.៤៨៨គីឡូម៉ែត្ររបស់ពួកគេ ប៉ុន្តែចំណុចជួញដូរទាំងនោះត្រូវបិទ អំឡុងជំងឺរាតត្បាតកូវីដ១៩ កាលដើមឆ្នាំ២០២០។
តម្លៃពាណិជ្ជកម្មបែបនោះមានទំហំតូច ហើយយោងតាមទិន្នន័យរបស់រដ្ឋាភិបាលថ្មីៗបំផុត បានបញ្ចេញតួលេខប៉ាន់ស្មានត្រឹមតែ ៣,១៦លានដុល្លារប៉ុណ្ណោះ ក្នុងឆ្នាំ២០១៧-២០១៨៕

