ភ្នំពេញ៖ ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញប្រាប់BTV ព័ត៌មាននាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះថា គិតត្រឹមថ្ងៃនេះ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ មានករណីឆ្លងមេរោគកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង (Omicron) ចូលក្នុងសហគមន៍មានចំនួន៥៩នាក់។
ឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង បានឲ្យដឹងទៀតថា អ្នកឆ្លងមេរោគកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុងនេះ កំពុងទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ជាទីបំផុតពីក្រុមការងារគ្រូពេទ្យជំនាញនៅតាមមណ្ឌលព្យាបាលជំងឺកូវីដ-១៩។
បើគិតមកដល់ខែមករា ឆ្នាំ២០២២នេះ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ មានមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ទាំងមន្ទីរពេទ្យរដ្ឋ និងឯកជន ចំនួន៧ទីតាំង គឺមនី្ទរពេទ្យហ្លួងម៉ែ, មនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត, មនី្ទរពេទ្យព្រះអង្គឌួង, មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន, មណ្ឌលព្យាបាលកូវីដ១៩ ស្តាតអូឡាំពិក, មណ្ឌលសុខភាពចាក់អង្រែ និងគ្លីនិកក្រវ៉ាន់។
ដើម្បីចូលរួមកាត់ផ្តាច់ការចម្លងមេរោគកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង ឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង បានអំពាវនាវដល់កុមារ យុវវ័យ បងប្អូនប្រជាពលរដ្ឋគ្រប់រូប សូមអញ្ជើញទៅទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ និងដូសទី៤ និងដូសមូលដ្ឋាន សម្រាប់អ្នកសេសសល់ មិនទាន់ចាក់វ៉ាក់សាំង នៅតាមទីតាំងដែលបានកំណត់ជូនក្នុងតារាងឧបសម្ព័ន្ធស្របតាមកាលបរិច្ឆេទមានចំនួន ៥១ទីតាំង៕ អត្ថបទ៖ រដ្ឋា