ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃពុធ (ទី១៣ ខែសីហា) បានចុះហត្ថលេខាលើក្រឹត្យ ដែលនឹងបន្ធូរបន្ថយដល់បទប្បញ្ញត្តិនានា សម្រាប់ឧស្សាហកម្មអវកាសឯកជន ក្នុងនោះរួមមានទាំងការលុបចោលការត្រួតពិនិត្យបរិស្ថានមួយចំនួនផងដែរ ជាចំណាត់ការដែលទំនងជាអំណោយផលដល់អតីតទីប្រឹក្សារបស់លោក គឺលោក Elon Musk។
តែយ៉ាងណាក្ដី ក្រឹត្យនេះ ដែលត្រូវបានបញ្ជាក់ថា វាមានគោលបំណងបង្កើនចំនួននៃការបាញ់បង្ហោះយានអវកាសឲ្យកាន់តែច្រើន នៅក្នុងសហរដ្ឋអាមេរិកនោះ ត្រូវបានពិពណ៌នាដោយក្រុមបរិស្ថានថា ជាចំណាត់ការ «មិនប្រុងប្រយ័ត្ន»។

គួរបញ្ជាក់ថា ចាប់តាំងពីវិលត្រលប់ទៅកាន់សេតវិមានវិញ ក្នុងខែមករា លោក Trump បានពិភាក្សាអំពីបេសកកម្មអវកាសជាច្រើន ក្នុងរួមមានទាំងការបញ្ជូនមនុស្សទៅកាន់ឋានព្រះចន្ទ និងភពអង្គារផងដែរ។ បេសកកម្មព្រះចន្ទ និងភពព្រះអង្គារ គ្រោងនឹងធ្វើឡើងតាមរ៉ូកែត Starship របស់ក្រុមហ៊ុនឯកជន SpaceX របស់លោក Musk។
តែយានចម្លង Starship ជួបប្រទះនូវបញ្ហាជាបន្តបន្ទាប់ ដោយការធ្វើតេស្តតាមទម្លាប់ចុងក្រោយបំផុតរបស់វា បានបញ្ចប់ទៅដោយការផ្ទុះយ៉ាងខ្លាំង នៅក្នុងខែមិថុនា។ ក្រុមហ៊ុន SpaceX ដែលគ្រប់គ្រងទីផ្សារបាញ់បង្ហោះសកល ដោយរ៉ូកែតមានទំហំខុសៗគ្នា បានបាញ់បង្ហោះជាង ១៣០ដងកាលពីឆ្នាំមុន ហើយចំនួននោះមើលទៅនឹងកើនឡើង បន្ទាប់ពីក្រឹត្យរបស់លោក Trump នេះ។
ក្រឹត្យនោះបានរៀបរាប់ថា «វាគឺជាគោលនយោបាយរបស់សហរដ្ឋអាមេរិក ដើម្បីបង្កើនភាពអស្ចារ្យរបស់អាមេរិក នៅក្នុងលំហអាកាស ដោយធ្វើឲ្យទីផ្សារនៃការបាញ់បង្ហោះប្រកបដោយការប្រកួតប្រជែង និងការកើនឡើងយ៉ាងខ្លាំងនូវចំនួននៃការបាញ់បង្ហោះអវកាសពាណិជ្ជកម្ម» នៅឆ្នាំ២០៣០៕

