តម្លៃរូបិយប័ណ្ណឌីជីថល Bitcoin បានឡើងខ្ពស់បំផុត នៅថ្ងៃព្រហស្បតិ៍ (ទី១៤ ខែសីហា) នេះ ក្នុងអំឡុងពេលជួញដូរដំបូង នៅអាស៊ី ពោលគឺលើសពី ១២៤.០០០ដុល្លារ ក្នុងមួយកាក់ ដោយការហក់ឡើងនេះត្រូវបានជំរុញដោយច្បាប់ដ៏អំណោយផលរបស់សហរដ្ឋអាមេរិក និងការកើនឡើងនូវភាគហ៊ុនរបស់សហរដ្ឋអាមេរិក។
តម្លៃរបស់រូបិយប័ណ្ណគ្រីបតូនេះ បានឡើងលើសពីតម្លៃខ្ពស់បំផុតនៅមុននេះ កាលពីខែកក្កដា ដោយឡើងខ្ពស់មួយភ្លែតដល់ ១២៤.៥០០ដុល្លារ មុនពេលធ្លាក់ចុះវិញ។
ភាគហ៊ុនរបស់សហរដ្ឋអាមេរិក បានបញ្ចប់ក្នុងតម្លៃខ្ពស់ កាលពីថ្ងៃពុធ ដោយសន្ទស្សន៍ហ៊ុន S&P 500 និង Nasdaq ឡើងដល់កម្រិតខ្ពស់ថ្មី ក្នុងសប្តាហ៍នេះ ដែលជាការរួមចំណែកដល់ការកើនឡើងនៃរូបិយប័ណ្ណគ្រីបតូ។

តម្លៃរបស់ Bitcoin បានកើនឡើងនាពេលថ្មីៗនេះ ដែលជំរុញដោយការផ្លាស់ប្តូរបទប្បញ្ញត្តិរបស់សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ដែលជាអ្នកគាំទ្រដ៏ខ្លាំងក្លាលើវិស័យគ្រីបតូ។ តម្លៃរបស់ប្រាក់ឌីជីថលនេះក៏ត្រូវបានជំរុញផងដែរដោយម្ចាស់ហ៊ុនរូបិយប័ណ្ណគ្រីបតូធំៗ។
លោក Samer Hasn អ្នកវិភាគទីផ្សារជាន់ខ្ពស់នៅក្រុមហ៊ុន XS.com បាននិយាយថា «ទីផ្សារគ្រីបតូកំពុងទទួលបាននូវរយៈពេលនៃមូលដ្ឋានគ្រឹះអំណោយផលខ្ពស់»។
លោកបានបន្ថែមថា៖ «លោកប្រធានាធិបតី Donald Trump បានចាត់វិធានការ ដើម្បីបញ្ចប់ការរឹតបន្តឹងដែលពីមុនបានរារាំងធនាគារមិនឲ្យធ្វើអាជីវកម្មជាមួយក្រុមហ៊ុនដែលត្រូវបានចាត់ទុកថា បង្កក្ដីបារម្ភឲ្យមានហានិភ័យផ្នែកកេរ្តិ៍ឈ្មោះ ជាអ្វីដែលក្រុមហ៊ុនគ្រីបតូជារឿយៗត្រូវបានដាក់ចូលក្រុមប្រភេទនេះដោយអយុត្តិធម៌»៕
