ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ ដែលជាសហប្រធាននៃអ្វីដែលគេហៅថា «សម្ព័ន្ធឆន្ទៈរួម» បានដាក់ចេញនូវគោលជំហរលើផ្លូវឆ្ពោះទៅរកបទឈប់បាញ់ នៅប្រទេសអ៊ុយក្រែន តាមរយៈសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញ បន្ទាប់ពីមានកិច្ចប្រជុំអនឡាញ កាលពីថ្ងៃពុធ (ទី១៣ ខែសីហា)។
សេចក្តីថ្លែងការណ៍រួមដែលចេញផ្សាយដោយចក្រភពអង់គ្លេស ២ថ្ងៃមុនមានជំនួបកំពូលដែលបានគ្រោងទុក រវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងរដ្ឋ Alaska បានរៀបរាប់ថា៖ «ប្រទេសអ៊ុយក្រែនត្រូវតែមានការធានាសន្តិសុខដ៏រឹងមាំ និងគួរឲ្យជឿជាក់ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពដែនដីប្រកបដោយប្រសិទ្ធភាព»។

សេចក្ដីថ្លែងការណ៍បានបន្តទៀតថា៖ «សម្ព័ន្ធឆន្ទៈរួម គឺត្រៀមរួចជាស្រេច ដើម្បីដើរតួនាទីយ៉ាងសកម្ម ក្នុងនោះរួមមានទាំងតាមរយៈផែនការរបស់ប្រទេសដែលមានឆន្ទៈ ក្នុងការដាក់ពង្រាយកម្លាំងធានាឡើងវិញ នៅពេលដែលអរិភាពនេះបានបញ្ចប់»។
សេចក្ដីថ្លៃងការណ៍ បានបញ្ជាក់បន្ថែមថា៖ «គ្មានការកម្រិតណាមួយគួរតែត្រូវបានដាក់លើកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន ឬលើកិច្ចសហប្រតិបត្តិការរបស់ប្រទេសនេះជាមួយប្រទេសទី ៣ នោះឡើយ។ រុស្ស៊ីមិនអាចមានសិទ្ធិវេតូ ប្រឆាំងនឹងមាគ៌ារបស់អ៊ុយក្រែនឆ្ពោះទៅកាន់ភាពជាសមាជិករបស់សហភាពអឺរ៉ុប និងអង្គការណាតូ»៕
