បាល់ទាត់៖ ក្រុមបិសាចក្រហម Manchester United បានខកឱកាសជ័យជំនះក្នុងជើងទី១ នៃការប្រកួតក្របខណ្ឌ UEFA Europa League វគ្គ ១៦ក្រុមចុងក្រោយ បន្ទាប់ពីស្មើគ្នា ១-១ ក្នុងទឹកដីខ្លួនឯងទល់នឹងក្រុមអ៊ីតាលី AC Milan។

Amad Diallo ដែលទិញពី Atalanta គឺជាអ្នកតែតបញ្ចូលទីនាំមុខមុននៅនាទីទី៥០ ក្នុងវគ្គទី២ ដែលធ្វើឲ្យគេក្លាយជាកីឡាករក្មេងបំផុត មិនមែនជនជាតិអង់គ្លេសវ័យ ១៨ឆ្នាំ ២៤៣ថ្ងៃដែលរកគ្រាប់បាល់បានឲ្យ Manchester United ក្នុងការប្រកួតក្របខណ្ឌអឺរ៉ុប។ យ៉ាងណាក្តីគ្រាប់បាល់ដ៏អស្ចារ្យរបស់ Amad Diallo មិនមែនជាគ្រាប់ជ័យជំនះរបស់ Manchester United ឡើយពោលគឺនាទីទី៩០+២ ទៅហើយក្រុមភ្ញៀវ AC Milan រកបានគ្រាប់តាមស្មើបានសំរាប់ដោយ Simon Kjaer ដែលជាគ្រាប់ក្រៅដីដ៏មានសារសំខាន់។ Manchester United នឹងត្រូវត្រលប់ទៅទឹកដី San Siro ប្រទេសអ៊ីតាលីវិញជើងទី២ សប្តាហ៍ក្រោយ ខណៈ Manchester United មានប្រវត្តិឈ្នះតែ ១លើកប៉ុណ្ណោះក្នុងចំណោមការជួបគ្នាជាមួយ AC Milan នៅក្របខណ្ឌអឺរ៉ូប ៥លើកចុងក្រោយ។

ងាកមកលទ្ធផលផ្សេងទៀត Arsenal រកបានជ័យជំនះក្រៅដីយ៉ាងអស្ចារ្យ លើក្រុមម្ចាស់ផ្ទះក្រិក Olympiakos ៣-១។ Martin Odegaard ជាអ្នកបើកការនាំមុខមុនឲ្យ Arsenal នៅនាទីទី៣៤ មុនពេលដែលម្ចាស់ផ្ទះក្រិកតាមស្មើនៅវគ្គទី២ នាទីទី៥៨ ដោយ Youssef El Arabi។
ពីរគ្រាប់ចុងម៉ោងរបស់ Gabriel និង Mohamed Elneny ធ្វើឲ្យក្រុមរបស់លោក Mikel Arteta ទទួលបានជ័យជំនះកក់កៅ ៣-១ មុនត្រលប់ទៅទឹកដី Emirate របស់ខ្លូនវិញសប្តាហ៍ក្រោយ។ ចំណែកក្រុមអង់គ្លេសមួយទៀត Tottenham Hotpsur ក៏រកបានជ័យជំនះក្នុងជើងទី១ នេះដែរក្រោយឈ្នះក្រុមភ្ញៀវ Dinamo Zagreb ២-០ ដោយពីរគ្រាប់ម្នាក់របស់ខ្សែប្រយុទ្ធអង់គ្លេស Harry Kane។ លទ្ធផលផ្សេងទៀតរួមមាន Roma ៣-០ Shakhtar Donetsk, Grenada ២-០ Molde, Ajax ៣-០ Young Boys, Dynamo Kyiv ០-២ Villarreal និង Slavia Prague ១-១ Rangers៕
អត្ថបទ៖នាង សុភាវុធ