សហគមន៍អន្តរជាតិកំពុងតតាំងដើម្បីឈានដល់ការឯកភាពគ្នាលើសន្ធិសញ្ញាដំបូងមិនធ្លាប់មានរបស់ពិភពលោកក្នុងគោលបំណងកាត់បន្ថយការបំពុលប្លាស្ទិក។ អង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចនៅក្នុងឆ្នាំ២០២២ ដើម្បីកោះប្រជុំគណៈកម្មាធិការចរចាអន្តររដ្ឋាភិបាល ស្តីពីការបំពុលប្លាស្ទិក។
សម័យប្រជុំចុងក្រោយ ដែលពាក់ព័ន្ធនឹងកិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រី បានបើកនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី៥ ខែសីហា ដោយមានគណៈប្រតិភូមកពីប្រទេស និងតំបន់ប្រមាណ១៨០។ កិច្ចពិភាក្សាត្រូវបានកំណត់ពេលបញ្ចប់នៅថ្ងៃព្រហស្បតិ៍នេះ។

សហភាពអឺរ៉ុប និងភាគីពាក់ព័ន្ធផ្សេងទៀត ដូចជាបណ្តាប្រទេសកោះប៉ាស៊ីហ្វិក បានអះអាងថា ការផលិតប្លាស្ទិកត្រូវតែត្រូវបានរឹតបន្តឹង។ បណ្តាប្រទេសផលិតប្រេង រួមទាំងប្រទេសអារ៉ាប៊ីសាអូឌីត ប្រឆាំងនឹងនិយ័តកម្មបែបនេះ។ គណៈប្រតិភូសហរដ្ឋអាមេរិក ដែលចូលរួមក្នុងកិច្ចប្រជុំក្រោមរដ្ឋបាលលោក Trump ជាលើកដំបូង ក៏បានបង្ហាញពីភាពស្ទាក់ស្ទើរក្នុងការទទួលយកការរឹតត្បិតនេះ។
សេចក្តីព្រាងនៃសន្ធិសញ្ញាដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍សប្តាហ៍មុន បានបង្ហាញពីទស្សនជាច្រើន រួមទាំងនិយ័តកម្មនៃការផលិតប្លាស្ទិកផងដែរ។ ប្រទេសកោះទូវ៉ាលូ បានចេញសេចក្តីថ្លែងការណ៍តំណាងឱ្យក្រុមប្រទេសកោះប៉ាស៊ីហ្វិក។ សេចក្តីថ្លែងការណ៍និយាយថាប្រទេសនានាមិនយល់ស្របលើផ្នែកជាងមួយពាន់នៃសេចក្តីព្រាងឯកសារឡើយ។
ប្រធានអង្គប្រជុំ បានបង្ហាញសេចក្តីព្រាងច្បាប់ថ្មីមួយកាលពីថ្ងៃពុធសប្តាហ៍នេះ ដែលមិនបានរួមបញ្ចូលការរឹតបន្តឹងណាមួយលើការផលិតប្លាស្ទិកឡើយ។ សំណើនេះ ត្រូវបានច្រានចោលដោយប្រទេសមួយចំនួនដែលកំពុងអំពាវនាវឱ្យមាននិយ័តកម្មកាន់តែតឹងរ៉ឹង។
