ប្រទេសរុស្ស៊ី បានប្រកាសពីការរឹតត្បិតលើការហៅជាសំឡេងដែលត្រូវធ្វើឡើងនៅលើកម្មវិធីផ្ញើសារ WhatsApp និងTelegram ជាចំណាត់ការចុងក្រោយរបស់ទីក្រុងមូស្គូដើម្បីរឹតបន្តឹងការគ្រប់គ្រងរបស់ខ្លួននៅលើបណ្តាញអ៊ីនធឺណិត។
យោងតាមការិយាល័យសេវាត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី Mediascope បានឱ្យដឹងថា ការទប់ស្កាត់ការសន្ទនាតាមកម្មវិធីនេះត្រូវបានកំណត់ថានឹងធ្វើឲ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ប្រចាំខែចំនួន៩៦លាននាក់នៃកម្មវិធី WhatsApp នៅក្នុងប្រទេសរុស្ស៊ី និងអ្នកប្រើប្រាស់ជាង៨៩លាននាក់នៃកម្មវិធី Telegram ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធសប្តាហ៍នេះ ប្រព័ន្ធផ្សព្វផ្សាយនិងនិយ័តករអ៊ីនធឺណិតរបស់រុស្ស៊ី Roskomnadzor បានបង្ហាញពីភាពត្រឹមត្រូវនៃវិធានការនេះថាជាការចាំបាច់សម្រាប់ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម។

និយ័តករបាននិយាយថា «យោងទៅតាមទីភ្នាក់ងារអនុវត្តច្បាប់ និងការអំពាវនាវជាច្រើនពីពលរដ្ឋ កម្មវិធី Telegram និង WhatsApp ជាកម្មវីធីផ្ញើរសារបរទេស បានក្លាយជាសេវាកម្មផ្ញើសំឡេងដ៏សំខាន់ដែលត្រូវបានប្រើដើម្បីបោកបញ្ឆោត និងគំរាមទារប្រាក់ និងដើម្បីធ្វើឲ្យពលរដ្ឋរុស្ស៊ីជាប់ពាក់ព័ន្ធក្នុងសកម្មភាពបំផ្លិចបំផ្លាញ និងអំពើភេរវកម្ម»។
និយ័តករនិយាយថា «សំណើម្តងហើយម្តងទៀតដើម្បីចាត់វិធានការប្រឆាំង មិនត្រូវបានអើពើដោយម្ចាស់អ្នកផ្ញើសារ»។ ទីក្រុងមូស្គូ ចង់ឱ្យសេវាកម្មផ្ញើសារតាមអ៊ីនធឺណិតផ្តល់នូវដំណើរការប្រើប្រាស់ទិន្នន័យអ្នកប្រើប្រាស់តាមការស្នើសុំពីការអនុវត្តច្បាប់។

