រដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan និងប្រធានកិច្ចការបរទេសរបស់ស៊ីរី លោក Asaad Hassan al-Shibani ដែលកំពុងធ្វើទស្សនកិច្ច កាលពីថ្ងៃពុធបានចោទប្រកាន់អ៊ីស្រាអែលថាជាតួអង្គសំខាន់នៅពីក្រោយអំពើហិង្សាកាលពីពេលថ្មីៗនេះនៅក្នុងទីក្រុង Sweida ជាទីក្រុងដែលមានជនជាតិភាគតិច Druze ភាគច្រើន នៅភាគខាងត្បូងប្រទេសស៊ីរី។
លោក Fidan បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួម ជាមួយលោក al-Shibani បន្ទាប់ពីជំនួបថា «តួអង្គសំខាន់មួយក្នុងចំណោមតួអង្គជាច្រើនដែលនៅពីក្រោយរូបភាពដ៏ងងឹតនេះ ប្រែទៅជាអ៊ីស្រាអែល» ហើយ«គោលនយោបាយអ្នកវាតទីនិយម»របស់អ៊ីស្រាអែលនៅក្នុងតំបន់បានពង្រីកចូលប្រទេសស៊ីរី។

លោក Fidan និយាយថា ប្រទេសស៊ីរី «គួរតែជាកន្លែងដែលប្រជាជន ជំនឿ និងវប្បធម៌ទាំងអស់ត្រូវបាន រក្សា ហើយអាចរស់នៅជាមួយគ្នាបាន» ដោយនិយាយថា ប្រទេសទួរគីគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសស៊ីរី ។
ចំណែកលោក Al-Shibani បានចោទប្រកាន់អ៊ីស្រាអែលពីបទរៀបចំព្រឹត្តិការណ៍នៅក្នុងទីក្រុង Sweida ដោយនិយាយថា «ការគំរាមកំហែងដដែលៗរបស់អ៊ីស្រាអែល កំពុងកំណត់គោលដៅលើអធិបតេយ្យភាពរបស់ប្រទេសស៊ីរី និងបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពពលរដ្ឋរបស់យើង»។ ដោយលើកឡើងពីការប៉ុនប៉ងដែលត្រូវបានធ្វើឡើងដើម្បីបែងចែកប្រទេសស៊ីរី លោក al-Shibani បាននិយាយថា សហគមន៍ជនជាតិភាគតិចDruze គឺជាផ្នែកសំខាន់មួយនៃសង្គមស៊ីរី ហើយទីក្រុងដាម៉ាស នៅតែប្តេជ្ញាចិត្តចំពោះស្ថិរភាពក្នុងតំបន់។
