ក្រុមអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ បានរកឃើញនៅក្នុងរបាយការណ៍មួយនៅថ្ងៃព្រហស្បតិ៍ដែលលើកឡើងថា ឧក្រិដ្ឋកម្មសង្រ្គាមទំនងជាត្រូវបានប្រព្រឹត្តដោយសមាជិកនៃកងកម្លាំងរដ្ឋាភិបាល បណ្តោះអាសន្ន និងយុទ្ធជនដែលស្មោះត្រង់នឹងអតីតមេដឹកនាំរបស់ប្រទេសស៊ីរី អំឡុងពេលមានការផ្ទុះឡើងនៃអំពើហិង្សាដែលបង្កឡើងដោយក្រុមប្រកាន់និកាយ នៅក្នុងតំបន់ឆ្នេរនៃប្រទេសស៊ីរី ដែលឈានដល់ការសម្លាប់រង្គាលជាបន្តបន្ទាប់ កាលពីខែមីនា។

មនុស្សប្រហែល ១.៤០០នាក់ ភាគច្រើនជាជនស៊ីវិល ត្រូវបានរាយការណ៍ថា ត្រូវបានសម្លាប់ ក្នុងអំឡុងពេលនៃអំពើហិង្សាដែលបានកំណត់គោលដៅទៅលើសហគមន៍ជនជាតិភាគតិចអាឡាវីត ជាចម្បង ហើយរបាយការណ៍នៃការរំលោភបំពាន នៅតែបន្ត ។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មការស៊ើបអង្កេតស៊ីរីរបស់អង្គការសហប្រជាជាតិ។
ឧប្បត្តិហេតុនៅក្នុងតំបន់ឆ្នេរ គឺជាអំពើហិង្សាដ៏អាក្រក់បំផុត ដែលបានវាយប្រហារប្រទេសស៊ីរី ចាប់តាំងពីការដួលរលំរបស់ប្រធានាធិបតីលោក អាសា អាល់អាសាដ ( Bashar Assad) កាលពីឆ្នាំមុន ដែលជំរុញឲ្យរដ្ឋាភិបាលបណ្តោះអាសន្ន បង្កើតគណៈកម្មាធិការស្វែងរកការពិតមួយ។
