ប្រភពក្រសួងការពារជាតិទួរគី បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសនេះ នឹងជួយស៊ីរីជាមួយនឹងការផ្តល់ប្រព័ន្ធសព្វាវុធ និងឧបករណ៍ដឹកជញ្ជូន ក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធា ដែលបានចុះហត្ថលេខា កាលពីថ្ងៃពុធ ដោយបន្ថែមថា ទីក្រុងអង់ការ៉ានឹងបណ្តុះបណ្តាលកងទ័ពស៊ីរីផងដែរ ក្នុងការប្រើប្រាស់ឧបករណ៍ទាំងនេះ ប្រសិនបើចាំបាច់។
នៅក្នុងជំហានដំបូងឆ្ពោះទៅរកកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធាដ៏ទូលំទូលាយមួយ ប្រទេសទួរគី និងស៊ីរី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការហ្វឹកហ្វឺន និងពិគ្រោះយោបល់ផ្នែកយោធា បន្ទាប់ពីកិច្ចពិភាក្សារវាងរដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិ និងប្រធានចារកម្មរបស់ ពួកគេ។

ប្រភពដដែលបានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុងអង់ការ៉ាថា កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដឹកនាំដោយឃើដ និងគាំទ្រដោយសហរដ្ឋអាមេរិក មិនបានបំពេញលក្ខខណ្ឌណាមួយ ដែលមានចែងក្នុងកិច្ចព្រមព្រៀងខែមីនា ជាមួយទីក្រុងដាម៉ាសស្តីពីការរួមបញ្ចូលកងកម្លាំងនេះ ចូលទៅក្នុងរចនាសម្ព័ន្ធរដ្ឋរបស់ប្រទេសស៊ីរី ហើយទីក្រុងអង់ការ៉ារំពឹងថា ពួកគេនឹងគោរពកិច្ចព្រមព្រៀងនេះភ្លាមៗ។
