ស្រ្តីនៅទីក្រុងឡោមព័ទ្ធ El-Fasher របស់ប្រទេសស៊ូដង់ បាននិយាយរៀបរាប់ពីទុក្ខលំបាកវេទនារបស់ពួកគេ និងការស្លាប់កូនៗរបស់ពួកគេ ដោយសារតែភាពអត់ឃ្លាន ។
ស្រ្តីមួយរូបក្នុងចំណោមពួកគេ និយាយប្រាប់ BBCថា កូនៗរបស់ពួកយើង បានស្លាប់នៅនឹងភ្នែករបស់ពួកយើង ។
អ្នកស្រីបន្តថា ពួកយើងពុំដឹងថាតើត្រូវធ្វើអ្វីនោះទេ ។ ពួកគេគ្មានកំហុសនោះទេ ពួកគេពុំបានធ្វើអ្វីសោះជាមួយកងទ័ព ឬជាមួយកងកម្លាំងគាំទ្ររហ័ស ។ ទុក្ខវេទនារបស់ពួកយើងពិបាកជាងការរំពឹងទុកទៅទៀត ។

ស្បៀងអាហារក្រក្សត់ខ្លាំងណាស់នៅទីក្រុង El-Fasher ពេលតម្លៃហក់ឡើងខ្ពស់មិនស្មានដល់ដែលកាលពីមុនធ្លាប់ទិញអាហារទទួលទានបាន ១សប្តាហ៍ តែឡូវទិញបានតែសម្រាប់មួយថ្ងៃប៉ុណ្ណោះ ។ BBCទទួលបានរូបភាពវីដេអូឃ្លីបដ៏កម្រមួយឃើញមនុស្សជាប់ខ្លួននៅក្នុងទីក្រុង El-Fasher ។
កងទ័ពស៊ូដង់ បានធ្វើសង្រ្គាមជាមួយកងកម្លាំងគាំទ្ររហ័សអស់រយៈពេលជាង ២ឆ្នាំមកហើយ ក្រោយមេបញ្ជាការរបស់ពួកគេ បានធ្វើរដ្ឋប្រហាររួមគ្នា ហើយក្រោយមកបានបែកបាក់គ្នា ។
ទីក្រុង El-Fasher ស្ថិតនៅតំបន់ភាគខាងលិច Darfur គឺជាតំបន់ជួរមុខដ៏ឃោឃៅបំផុតនៅក្នុងជម្លោះ ហើយវិបត្តិអត់ឃ្លាន កាន់តែធ្ងនធ្ងរខ្លាំង ដោយសារការហក់ឡើងខ្ពស់ករណីជំងឺអាសន្នរោគ នៅតាមជំរំជម្លៀសខ្លួន ៕
