ជនប៉ាឡេស្ទីនជម្លៀសខ្លួនស្នាក់នៅក្នុងសំពត់តង់ជិតតំបន់ឆ្នេរនៅទីក្រុងហ្កាហ្សា បង្ហាញពីការលំបាកស៊ូទ្រាំរបស់ពួកគេ អំឡុងរដូវក្តៅហួតហែង ។
ក្មេងៗនាំគ្នាលោតចូលក្នុងទឹកសមុទ្រ ដើម្បីស្វែងរកភាពត្រជាក់ ខណៈជនប៉ាឡេស្ទីនខ្លះទៀត និយាយថា ពួកគេប្រើប្រាស់ទឹកប្រៃដើម្បីលុបលាងមុខ ។
លោក Shaimaa Joundiah គឺជាជនប៉ាឡេស្ទីនវ័យ២៥ឆ្នាំមួយរូប និយាយថា រាល់ថ្ងៃអាកាសធាតុក្តៅខ្លាំងស្ទើតែមិនអាចទ្រាំទ្របាន ។ ពួកយើងវិលមុខ ដោយសារតែអាកាសធាតុក្តៅខ្លាំងបែបនេះ ។
ចំណែកឯអ្នកស្រី Suad Salem វ័យ ៥៧ឆ្នាំ និយាយថា វិធីសាស្រ្តមួយគត់ ដើម្បីបន្ធូរបន្ថយការលំបាករបស់គាត់ គឺមានតែចេញក្រៅជំរំសំពត់តង់ និងប្រើប្រាស់ចានបក់កុំឲ្យក្តៅប៉ុណ្ណោះ ។
ជនប៉ាឡេស្ទីន និយាយផងដែរពីកង្វះខាតគ្រឿងផ្គត់ផ្គង់ចំាបាច់មូលដ្ឋាន អំឡុងសង្រ្គាម រួមទាំងការគ្មានចរន្តអគ្គិសនី និងកង្វះខាតទឹកប្រើប្រាស់ ។

ភាគច្រើននៃហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងប្រព័ន្ធអនាម័យ ត្រូវបានបំផ្លិចបំផ្លាញ ហើយការបូមទឹកពីក្រោមដី ពឹងផ្អែកលើថាមពលបានមកពីម៉ាស៊ីនភ្លើង ខណៈប្រេងឥន្ធនៈខ្សត់ខ្សោយខ្លាំងបំផុត ។
សង្រ្គាមហ្គាហ្សា បានផ្ទុះឡើងកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ពេលដែលក្រុមជីវពលហាម៉ាស់ វាយប្រហារឆ្លងកាត់ព្រំដែនចូលទៅកាន់តំបន់ភាគខាងត្បូងអ៊ីស្រាអែល ដោយបានសម្លាប់មនសុ្ស ១.២០០នាក់ និងចាប់ចំណាប់ថ្នូរ ២៥១នាក់ ។
ការវាយប្រហារតាមជើកគោក និងច្រកអាកាសរបស់អ៊ីស្រាអែលលើក្រុមហាម៉ាស់នៅតំបន់ហ្កាហ្សា ចាប់តាំងពីពេលនោះមក បានសម្លាប់មនុស្សជាង ៦១.០០០នាក់ ៕
