សីតុណ្ហភាពអាចនឹងកើនឡើងខ្ពស់បំផុតជាប់កំណត់ត្រានៅប្រទេសអ៊ីស្រាអែល ស្របពេលដែលប្រជាពលរដ្ឋ និងភ្ញៀវទេសចរនាំគ្នាសម្រុកធ្វើដំណើរទៅកាន់តំបន់ឆ្នេរ និងតំបន់ដែលមានប្រភពទឹកផ្សេងទៀត ដើម្បីបន្ធូរបន្ថយភាពតានតឹងបង្កឡើងដោយសារអាកាសធាតុអាក្រក់ ។
ក្រសួងសុខាភិបាលអ៊ីស្រាអែល បានណែនាំឲ្យប្រជាពលរដ្ឋបន្តស្នាក់នៅក្នុងផ្ទះ ឬកន្លែងដែលមានម៉ាស៊ីនត្រជាក់ ដើម្បីរក្សាជាតិទឹកក្នុងខ្លួន ។
ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ បានធ្វើដំណើរទៅកាន់តំបន់ឆ្នេរនៅទីក្រុងតែល អាវីវ និងតំបន់ឆ្នេរនៅសមុទ្រមរណៈ ដែលជាទីកន្លែងទាបបំផុតនៅលើផែនដី និងស្ថិតនៅក្នុងចំណោមតំបន់ក្តៅបំផុតនៅអ៊ីស្រាអែល ។

លោក Oren Davidoff គឺជាអ្នកព្យាករអាកាសធាតុមកពីមន្ទីរឧតុនិយមអ៊ីស្រាអែល និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា រលកកម្តៅនៅអ៊ីស្រាអែលរយៈពេល ១សប្តាហ៍កន្លងមកនេះ ដូចគ្នានឹងរលកកកម្តៅដែលកំពុងវាយប្រហារអឺរ៉ុបអញ្ចឹងដែរ ។
លោកបន្តថា សីតុណ្ហភាពអាចនឹងកើនឡើងខ្ពស់បំផុត បំបែកកំណត់ត្រាសីតុណ្ហភាព ៥៤អង្សាសេដែលត្រូវបានរកឃើញកាលពីឆ្នាំ ១៩៤២ នៅតំបន់ជ្រលងភ្នំ Kibbutz Tirat Zvi ៕
