មនុស្ស ៩នាក់ ត្រូវបានសម្លាប់ និងមនុស្ស ៧នាក់ផ្សេងទៀត រងរបួស បន្ទាប់ពីហេតុការណ៍ផ្ទុះក្នុងរោងចក្រផលិតគ្រាប់រំសេវ ស្ថិតនៅតំបន់ភាគខាងត្បូងប្រទេសប្រេស៊ីល ។
ក្រុមហ៊ុនផលិតគ្រាប់រំសេវ Enaex Brasil និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ជនរងគ្រោះរួមមានបុរស ៦នាក់ និងស្រ្តី ៣នាក់ ។
រូបភាពវីដេអូឃ្លីបចែករំលែកដោយអង្គភាពពន្លត់អគ្គិភ័យក្នុងស្រុក ឃើញកម្ទេចកម្ទី និងផេះនៅកន្លែងកើតហេតុ ស្របពេលដែលក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ស្វែងជនរងគ្រោះ និងមូលហេតុបណ្តាលឲ្យកើតមានហេតុការណ៍ផ្ទុះនេះ ។

យោងតាមសេចក្តីថ្លែងការណ៍ពីរដ្ឋលេខាធិការសន្តិសុខសាធារណៈ បានឲ្យដឹងថា អង្គភាពសម្របសម្រួល និងកិច្ចគាំពារស៊ីវិលក្រុង Quatro Barras បានដាក់ពង្រាយកងកម្លាំងរបស់ខ្លួន ដើម្បីជួយពលរដ្ឋដែលផ្ទះសម្បែងរបស់ពួកគេ រងការខូចខាតដោយសាររលករញ្ជួយនៃការផ្ទុះនេះ ។
ក្រុមអាជ្ញាធរ បានបិទផ្លូវច្រកចូលទៅកាន់កន្លែងកើតហេតុ ស្របពេលដែលការស៊ើបអង្កេតពីមូលហេតុនៃការផ្ទុះ កំពុងបន្ត ៕
