រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បាននិយាយថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយក្នុងអំឡុងសន្និសីទតាមវីដេអូ ជាមួយមេដឹកនាំអឺរ៉ុបថា ទីក្រុងវ៉ាស៊ីនតោន នឹងរួមចំណែកក្នុងការផ្តល់ការធានាសន្តិសុខ ដល់អ៊ុយក្រែន ដែលបង្កើតឡើងដោយ«សម្ព័ន្ធនៃឆន្ទៈ» ក្នុងការផ្តល់ជំនួយដល់ទីក្រុងគីវ។

ប្រមុខការទូតរូបនេះ បានសរសេរនៅលើទំព័រ X របស់ខ្លួនថា៖«នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃពុធ ជាមួយអ៊ុយក្រែន និងសម្ព័ន្ធមិត្តរបស់ខ្លួន លោកប្រធានាធិបតី ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិក នឹងរួមចំណែកដល់ការធានាសន្តិសុខដែលរៀបចំដោយ«សម្ព័ន្ធនៃឆន្ទៈ» ដែលបង្កើតឡើងដោយប្រទេសបារាំង ចក្រភពអង់គ្លេស និងអាល្លឺម៉ង់»។
យោងតាមលោក Barrot លោក ត្រាំ បានកត់សម្គាល់ឃើញថា៖«ការចរចាលើបញ្ហាទឹកដី នឹងធ្វើឡើងដោយមានវត្តមានរបស់លោក វ្ល៉ូឌីមី ហ្សេឡិនស្គី នៅក្នុងកិច្ចប្រជុំដែលលោកជឿថា នឹងធ្វើឡើងបន្ទាប់ពី កិច្ចប្រជុំកំពូលរវាងរុស្ស៊ី និងអាមេរិក ។
នាពេលមុននេះ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បាននិយាយថា លោកប្រធានាធិបតីអាមេរិក មានបំណងស្វែងរកបទឈប់បាញ់នៅអ៊ុយក្រែន ក្នុងជំនួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅរដ្ឋ Alaska។
