ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និយាយនៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋបាលរបស់សហរដ្ឋអាមេរិក កំពុងខិតខំដោយស្មោះត្រង់ ដើម្បីដោះស្រាយជម្លោះនៅអ៊ុយក្រែន ហើយលោកបានលើកឡើងថា ទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោន អាចនឹងឈានដល់កិច្ចព្រមព្រៀងមួយលើការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ ។
ថ្លែងនៅជំនួបក្នុងវិមានក្រឹមឡាំងជាមួយក្រុមន្រ្តីស៊ីវិល និងក្រុមមន្រ្តីយោធាជាន់ខ្ពស់បំផុតរបស់រុស្ស៊ី លោក Putin និយាយថា លោកបានជូនដំណឹងដល់ពួកគេពីស្ថានភាពបច្ចុប្បន្ននៅក្នុងកិច្ចចរចាលើបញ្ហាអ៊ុយក្រែនជាមួយសហរដ្ឋអាមេរិក និងកិច្ចប្រជុំទ្វេភាគីជាមួយទីក្រុងគីវ ។
លោក Putinនិយាយថា លោកចង់និយាយប្រាប់អ្នកពីដំណាក់កាលដែលពួកយើងស្ថិតនៅជាមួយរដ្ឋបាលបច្ចុប្បន្នរបស់អាមេរិក ដូចដែលអ្នករាល់គ្នាបានដឹងហើយថា តាមគំនិតរបស់លោក វាគឺជាកិច្ចខិតខំស្មោះត្រង់ដ៏ស្វាហាប់ខ្លាំង ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា បញ្ចប់វិបត្តិ និងឈានដល់កិច្ចព្រមព្រៀងសម្រាប់ផលប្រយោជន៍ភាគីទាំងអស់ពាក់ព័ន្ធនឹងជម្លោះ ។
លោកបន្តថា កិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិកមានបំណងបង្កើតលក្ខខណ្ឌយូរអង្វែងនៃសន្តិភាពរវាងប្រទេសរបស់ពួកយើង នៅអឺរ៉ុប និងនៅលើពិភពលោកទំាងមូល បើសិនជាពួកយើងឈានដល់កិច្ចព្រមព្រៀងលើការគ្រប់គ្រងអាវុធយុទ្ធសាស្រ្តនៅដំណាក់កាលបន្ទាប់ ។
សូមបញ្ជាក់ថា លោក Putinនឹងមានជំនួបកំពូលជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នៅរដ្ឋ Alaska នាថ្ងៃសុក្រស្អែកនេះ ៕