អ្នកនាំពាក្យគណៈកម្មការអឺរ៉ុបនិយាយនៅថ្ងៃព្រហស្បតិ៍នេះថា គណៈកម្មការអឺរ៉ុប ស្វាគមន៍ការពិតដែលថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយថា សហរដ្ឋអាមេរិកនឹងចូលរួមការធានាសន្តិសុខជូនអ៊ុយក្រែន ។
ក្រោយជំនួបតាមអនឡាញរៀបចំឡើងដោយអាល្លឺម៉ង់ជាមួយក្រុមមេដឹកនាំអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ុយក្រែន ដែលបានធ្វើឡើងកាលពីថ្ងៃពុធ ប្រធានាធិបតីបារាំងលោក Emmanuel Macron និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា លោក Trumpបង្ហាញឆន្ទៈដល់ក្រុមមេដឹកនាំអឺរ៉ុបថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តផ្សេងទៀត គួររួមចំណែកផ្តល់ការធានាសន្តិសុខជូនអ៊ុយក្រែន ដើម្បីបញ្ចប់សង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន ។
បន្ទាប់ពីការប្រកាសរបស់រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៊ីស្រាអែលលោក Bezalel Smotrich ពីគម្រោងតាំងលំនៅនិគមន៍នៅតំបន់កាន់កាប់វ៉េសប៊ែង អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប អ្នកស្រី Anitta Hipperបាននិយាយផងដែរថា សហភាពអឺរ៉ុប(EU) សូមធ្វើការច្រានចោលថា ការផ្លាស់ប្តូរដែនដីណាមួយពាក់ព័ន្ធនឹងអ៊ីស្រាអែល និងតំបន់ហ្កាហ្សា មិនមែនជាផ្នែកមួយនៃកិច្ចព្រមព្រៀងនយោបាយនោះទេ ។
អ្នកស្រី Anitta និយាយថា ពិតណាស់ថា ពួកយើងបានមើលឃើញសេចក្តីប្រកាសដោយរដ្ឋមន្រ្តីហិរញ្ញវត្ថអ៊ីស្រាអែល លើគម្រោងតាំងលំនៅនិគមន៍ នៅតំបន់កាន់កាប់វ៉េសប៊ែង ។ ពួកយើងកំពុងតាមដានស្ថានភាពមួយនេះ ហើយពួកយើងមានគោលជំហរច្បាស់លាស់ចំពោះគោលនយោបាយតាំងលំនៅនិគមន៍របស់អ៊ីស្រាអែលដែលរួមទាំងការរុះរើ ការបំលាស់ទីដោយបង្ខំ ការបណ្តេញចេញ និងការរឹបអូសផ្ទះសម្បែង ។ នេះគឺជារឿងខុសច្បាប់ ក្រោមច្បាប់អន្តរជាតិ ហើយពួកគេត្រូវតែបញ្ឈប់វាភ្លាម ៕