អាជ្ញាធរក្នុងតំបន់ បានឲ្យដឹងថា យានដ្រូនរបស់អ៊ុយក្រែន បានវាយប្រហារទីក្រុងចំនួន ២ របស់រុស្ស៊ី នៅថ្ងៃព្រហស្បតិ៍ (ទី១៤ ខែសីហា) នេះ ដោយបានធ្វើឲ្យមនុស្សយ៉ាងហោចណាស់ ១៦នាក់រងរបួស ដោយហេតុការណ៍នេះ កើតមានឡើងមួយថ្ងៃមុនកិច្ចប្រជុំកំពូលអាមេរិក-រុស្ស៊ីដែលត្រូវបានគ្រោងទុក ស្តីពីសង្គ្រាម នៅអ៊ុយក្រែន។
អភិបាលក្រុងស្តីទី បាននិយាយថា មនុស្ស ១៣នាក់ បានរងរបួស ក្នុងនោះ ២នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ នៅពេលដែលយានដ្រូនបានវាយប្រហារចំអគារផ្ទះល្វែង នៅភាគខាងត្បូងទីក្រុង Rostov-on-Don។
ជនស៊ីវិល ៣នាក់ បានរងរបួសនៅក្នុងទីក្រុង Belgorod ជិតព្រំដែនជាមួយអ៊ុយក្រែន ជាកន្លែងដែលអភិបាលក្រុង បានបង្ហោះវីដេអូដែលទំនងជាបង្ហាញឲ្យឃើញពីយានដ្រូនវាយប្រហារលើរថយន្ត នៅកណ្តាលទីក្រុងនេះ។
ចំណែកអភិបាលតំបន់ Volgograd បានប្រាប់ថា នៅក្នុងតំបន់នេះ បំណែកយានដ្រូនរបស់អ៊ុយក្រែន បានបង្កឲ្យមានអគ្គិភ័យ នៅរោងចក្រចម្រាញ់ប្រេង។ មិនទាន់មានការអត្ថាធិប្បាយភ្លាមៗពីអ៊ុយក្រែនឡើយ។
ប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin គ្រោងនឹងជួបប្រជុំគ្នា នៅរដ្ឋ Alaska នាថ្ងៃសុក្រ ខណៈដែលលោក Trump ប្រឹងប្រែងបញ្ចប់សង្រ្គាម ៣ឆ្នាំកន្លះ៕