មន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ក្នុងស្រុកមួយរូបនិយាយប្រាប់សារព័ត៌មាន AFPថា ទឹកជំនន់ដ៏គំហុកបង្កឡើងដោយសារព្យុះភ្លៀងដ៏ខ្លាំងក្លា បានវាយប្រហារភូមិមួយកន្លែងនៅតំបន់ភ្នំហិម៉ាឡៃ ស្ថិតនៅតំបន់កាស្មៀ ប្រទេសឥណ្ឌា ដោយបានសម្លាប់មនុស្សយ៉ាងហោច ៣៤នាក់នៅថ្ងៃព្រហស្បតិ៍នេះ ។
លោក Pankaj Kumar Sharma គឺជាស្នងការស្រុក Kishtwar និយាយថា ពួកយើងបានរកឃើញសាកសពមនុស្ស ៣៤នាក់ និងបានជួយសង្រ្គោះអ្នករងរបួស ៣៥នាក់ ។ មាននូវឱកាសដែលសាកសពមនុស្សបន្ថែមទៀត នឹងត្រូវរកឃើញ ។
មន្រ្តីមួយរូបនៅស្រុក Kishtwar ដែលសុំមិនបញ្ចេញឈ្មោះ និយាយប្រាប់ AFPថា សេចក្តីរាយការណ៍បឋម លើកឡើងថា មនុស្សប្រហែល ៥០នាក់ ត្រូវបានហូរនាំយកទៅនៅក្នុងទឹកជំនន់ ។ AFPពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់ភ្លាមៗបានទេចំពោះសេចក្តីរាយការណ៍មួយនេះ ។
គួរឲ្យដឹងថា ទឹកជំនន់ដ៏គំហុកកាលពីថ្ងៃទី ៥ ខែសីហាកន្លងទៅ បានវាយប្រហារទីក្រុង Dharali រដ្ឋ Uttarakhand ស្ថិតក្នុងតំបន់ភ្នំហិម៉ាឡៃ ប្រទេសឥណ្ឌា បណ្តាលឲ្យទីក្រុងមួយនេះ កប់ក្នុងល្បាប់ភក់ ។ ចំនួនមនុស្សស្លាប់នៅក្នុងគ្រោះមហន្តរាយមួយនេះ ទំនងជាង ៧០នាក់ ប៉ុន្តែគេនៅមិនទាន់បញ្ជាក់នោះទេ ។
ទឹកជំនន់ និងបំណាក់ដី បានក្លាយជារឿងធម្មតាទៅហើយនៅក្នុងប្រទេសឥណ្ឌា អំឡុងរដូវវស្សាដែលចាប់ពីខែមិថុនា រហូតដល់ខែកញ្ញា ប៉ុន្តែក្រុមអ្នកជំនាញនិយាយថា បញ្ហាបម្រែបម្រួលសអាកាសធាតុ គាប់ផ្សំនឹងការអភិវឌ្ឍផែនការអន់ បានធ្វើឲ្យគ្រោះមហន្តរាយធម្មជាតិមួយនេះ កើតឡើងញឹកញាប់ និងធ្ងន់ធ្ងរជាងមុន ៕