ប្រភពក្រសួងការពារជាតិទួរគី បានឲ្យដឹងថា ទួរគីនឹងផ្តល់ប្រព័ន្ធសព្វាវុធ និងគ្រឿងយុទ្ធោបករណ៍ផ្សេងទៀតដល់ប្រទេសស៊ីរី ក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធាដែលត្រូវបានចុះហត្ថលេខា កាលពីថ្ងៃពុធ (ទី១៣ ខែសីហា) ដោយបន្ថែមថា ទីក្រុងអង់ការ៉ាក៏នឹងបណ្តុះបណ្តាលកងទ័ពស៊ីរី ក្នុងការប្រើគ្រឿងយុទ្ធោបករណ៍បែបនេះ ប្រសិនបើចាំបាច់។
ទួរគីដែលជាសមាជិកអង្គការណាតូ គឺជាសម្ព័ន្ធមិត្តបរទេសដ៏សំខាន់មួយរបស់ស៊ីរី ចាប់តាំងពីមានការទម្លាក់លោក Bashar al-Assad ចេញពីតំណែងប្រធានាធិបតី កាលពីឆ្នាំ២០២៤។ ប្រទេសនេះបានប្តេជ្ញាថា នឹងជួយបណ្តុះបណ្តាល និងរៀបចំរចនាសម្ព័ន្ធកងកម្លាំងប្រដាប់អាវុធស៊ីរី កសាងប្រទេស និងស្ថាប័នរដ្ឋឡើងវិញ ហើយនិងគាំទ្រដល់កិច្ចប្រឹងប្រែង ដើម្បីការពារបូរណភាពដែនដីស៊ីរី។
នៅក្នុងជំហានដំបូងឆ្ពោះទៅរកកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធាគ្រប់ជ្រុងជ្រោយ ដែលប្រទេសទាំង២ បានចរចាគ្នាអស់ជាច្រើនខែ ទួរគី និងស៊ីរីបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា កាលពីថ្ងៃទី១៣ ខែសីហា បន្ទាប់ពីមានកិច្ចប្រជុំយ៉ាងទូលំទូលាយ រវាងរដ្ឋមន្ត្រីការបរទេស និងការពារជាតិ និងប្រមុខចារកម្ម។
នៅថ្ងៃព្រហស្បតិ៍ (ទី១៤ ខែសីហា) ប្រភពពីក្រសួងការពារជាតិទួរគី បានប្រាប់អ្នកសារព័ត៌មានថា៖ «អនុស្សរណៈនេះ មានគោលបំណងសម្របសម្រួល រៀបចំផែនការបណ្តុះបណ្តាល និងកិច្ចសហប្រតិបត្តិការយោធា ផ្តល់ការប្រឹក្សាព័ត៌មាន និងការចែករំលែកបទពិសោធន៍ ធានាដល់ការទិញគ្រឿងយុទ្ធោបករណ៍ ប្រព័ន្ធអាវុធ សម្ភារៈដឹកជញ្ជូន និងសេវាកម្មពាក់ព័ន្ធនានា»៕