នៅក្នុងទូទឹកកកតូចមួយ ក្នុងមណ្ឌលសុខភាពជំងឺទឹកនោមផ្អែម Kivu ស្ថិតនៅទីក្រុង Bukavu ភាគខាងកើតប្រទេសកុងហ្គោ លោកវេជ្ជបណ្ឌិត Albert Kalehezo ការពារយ៉ាងប្រុងប្រយ័ត្នអាំងស៊ុយលីនរបស់លោក ដែលកូនដបនិមួយៗគឺជាជីវិតសម្រាប់អ្នកជំងឺទឹកនោមផ្អែម ។
លោកនិយាយថា កង្វះខាតអាំងស៊ុយលីន គឺជាផលវិបាកផ្ទាល់នៃអំពើហិង្សាថ្មីនៅតំបន់ភាគខាងកើតកុងហ្គោ ។ ចាប់តាំងពីកើតមានវិបត្តិបច្ចុប្បន្ន ការទទួលបានអាំងស៊ុយលីនពិតជាពិបាកខ្លាំងណាស់ ។ បើទោះបីជាមុនសង្រ្គាម ការទិញអាំងស៊ុយលីន ក៏មានតម្លៃថ្លៃណាស់ដែរ ។ សម្រាប់ក្មេងៗទាំងនេះ លោកបានផ្តល់វេជ្ជបញ្ជា ប៉ុន្តែពួកគេមិនអាចរកទិញថ្នាំបាននោះទេ ។
ក្រុមឧទ្ទាម M23គាំទ្រដោយរ៉្វាន់ដា បានបង្កើនប្រតិបត្តិការសឹករបស់ខ្លួននៅប្រទេសកុងហ្គោ ចាប់តាំងពីខែមករារហូតមក ដោយពួកគេរឹបអូសកាន់កាប់បានទីក្រុងសំខាន់ៗជាច្រើន ធ្វើឲ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសខ្លួន បង្អាក់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់សំខាន់ៗជាច្រើន ។
ការបិទអាកាសយានដ្ឋានក្រុង Goma ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនឱសថដ៏សំខាន់ បានធ្វើឲ្យក្រុមហ៊ុនផ្តល់ឱសថ ស្ថិតក្នុងស្ថានភាពទាល់ច្រក ។
បច្ចុប្បន្នលោក Kalehezo បានធ្វើដំណើរទៅកាន់ប្រទេសជិតខាងរ៉្វាន់ដា ដើម្បីទទួលបានការផ្គត់ផ្គង់ឱសថ បើទោះបីជាការងារទាំងអស់នេះ មិនមែនជាការងាយស្រួលក៏ដោយ ។ គ្លីនិកក្នុងស្រុក បានរាយការណ៍ផងដែរពីកង្វះខាតធ្ងន់ធ្ងរនៃឱសថ ហើយនិងតម្លៃហក់ឡើងខ្ពស់កប់ពពក ។
ឱសថការីមួយរូបដែលសុំមិនបញ្ចេញឈ្មោះដោយខ្លាចការសងសឹកពីក្រុមឧទ្ទាម M23និយាយថា តម្លៃនៅទូទាំងទីផ្សារឱសថ ពិតជាហួសហេតុខ្លាំងណាស់ ។
កាលពីខែកក្កដាកន្លងទៅ អង្គការសហប្រជាជាតិ(UN) បានរាយការណ៍ថា មនុស្សយ៉ាងហោច ៣១៩នាក់ នៅទីក្រុង Rutshuru ត្រូវបានសម្លាប់ក្នុងកណ្តាប់ដៃរបស់ក្រុមឧទ្ទាម M23 ៕