ភ្នំពេញ ៖ លោកបណ្ឌិត អ៊ី លីម៉ា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យចេនឡា និងនិងជាអនុប្រធានប្រតិបត្តិទទួលបន្ទុកប្រធានលេខាធិការដ្ឋានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី នៃព្រះរាជាណាចក្រកម្ពុជា និងលោកសាស្រ្តាចារ្យ Song Kyung-yong សាកលវិទ្យាធិការរង តំណាងសាកលវិទ្យាធិការ រួមជាមួយលោក Cho Yo-han ប្រធានផ្នែកបណ្តុះបណ្តាលអន្តរជាតិ នៃសាកលវិទ្យាល័យ Dongshin University បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការលើចំណុចសំខាន់ៗរួមមាន៖ ការផ្លាស់ប្តូរកម្មវិធី សិក្សាសម្រាប់និស្សិត ការផ្លាស់ប្តូរបទពិសោធន៍ការងារសម្រាប់បុគ្គលិក ការផ្លាស់ប្តូរវិធីសាស្ត្របង្រៀន សម្រាប់សាស្ត្រាចារ្យ ការសិក្សាស្រាវជ្រាវរួមគ្នា ការរៀបចំសិក្ខាសាលាអន្តរជាតិរួមគ្នា ការសិក្សាភាសាកូរ៉េដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ, នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥។
នាឱកាសនោះ លោកសាស្រ្តាចារ្យ Song Kyung-yong បានមានប្រសាសន៍ថា សាកលវិទ្យាល័យ Dongshin University បានបង្កើតឡើងតាំងពីឆ្នាំ១៩៨៧ មកម្លេះ និងមានមហាវិទ្យាល័យធំៗចំនួន ៦ ដែលបាននិងកំពុងធ្វើការបណ្តុះបណ្តាលលើមុខជំនាញរហូតដល់៣៩ជំនាញ ក្នុងនោះជំនាញសុខាភិបាល ត្រូវបានចាត់ទុកជាជំនាញអតិ្ថភាពមួយ នៅក្នុងសាកលវិទ្យាល័យ ដែលវាមានលក្ខណៈស្រដៀងគ្នាជាមួយសាកលវិទ្យាល័យចេនឡាផងដែរ។ គិតរហូតមកដល់ពេលបច្ចុប្បន្ននេះ នៅសាកលវិទ្យាល័យ Dongshin University មាននិស្សិតបរទេសកំពុងសិក្សា និងបានបញ្ចប់ការសិក្សាចំនួន ១,៧៣៣នាក់។ លើសពីនេះទៅទៀត យោងតាមរយៈអនុស្សរណៈនៃការយោគយល់គ្នារវាងសាកលវិទ្យាល័យទាំងពីរ គឺលោកសាស្ត្រចារ្យ នឹងផ្តល់អាហារូបករណ៍ ១០០%ដល់និស្សិតពូកែ ឬចេះភាសាកូរ៉េ ដើម្បីទៅសិក្សាវគ្គខ្លីរយៈពេល៦ខែ និងអាចជ្រើសរើសជំនាញដែលនិស្សិតស្រលាញ់ពេញចិត្តផងដែរ។
មុននឹងបញ្ចប់លោកសាស្ត្រាចារ្យ ពិតជាចង់ឃើញ និស្សិតខ្មែរដំបូងគេ ដែលចេញពីសាកលវិទ្យាល័យចេនឡា អាចទៅសិក្សាវគ្គខ្លី-វែង ចាប់តាំងពីថ្នាក់បរិញ្ញាបត្រ រហូតដល់ថ្នាក់បណ្ឌិត រួមជាមួយឱកាសការងារនៅសាកលវិទ្យាល័យ Dongshin University នាពេលឆាប់ៗខាងមុខនេះណាស់។
ជាចុងក្រោយនៃកម្មវិធីខាងលើនេះ សាកលវិទ្យាល័យទាំងពីរ បានប្រគល់នូវវត្ថុអនុស្សាវរីយ៍ឱ្យគ្នាទៅវិញទៅមក ព្រមទាំងបានថតរូបយ៉ាងស្រស់ស្អាតទុកជាអនុស្សាវរីយ៍ថែមទៀតផង៕
អត្ថបទ រដ្ឋា














