ប្រទេសអឺរ៉ុប អារ៉ាប់ និងអង្គការសហប្រជាជាតិ រួមជាមួយនឹងក្រុមសិទ្ធិមនុស្សអ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ (១៤ សីហា) បានរិះគន់ខ្លាំងៗលើផែនការរបស់អ៊ីស្រាអែល ក្នុងការបើកភ្លើងខៀវលើគម្រោងអភិវឌ្ឍតំបន់តាំងលំនៅឈ្មោះ E1 ដែលអាចមើលឃើញការសាងសង់ផ្ទះសម្បែងរាប់ពាន់ខ្នងរបស់អ៊ីស្រាអែល នៅតំបន់ជម្លោះនៃដែនដីកាន់កាប់ West Bank ប៉ាឡេស្ទីន បន្ទាប់ពីជំហាននេះត្រូវប្រកាសដោយលោករដ្ឋមន្ត្រីហិរញ្ញវត្ថុ Bezalel Smotrich។

អ្នកនយោបាយស្ដាំនិយមជ្រុលរូបនេះនិយាយថា លោកមានបំណងអនុម័តការដេញថ្លៃសាងសង់លំនៅដ្ឋានជាង ៣.០០០ខ្នង ក្នុងគម្រោងតាំងទីលំនៅ E1 ដ៏ចម្រូងចម្រាស រវាងក្រុងហ្សេរុយសាឡិម និងក្រុង Ma'ale Adumim ក្នុងអ្វីដែលលោកអះអាងថាអាច «កប់បំបាត់គំនិតនៃរដ្ឋប៉ាឡេស្ទីន»។
អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បាននិយាយថា អង្គការសហប្រជាជាតិបានអំពាវនាវឱ្យអ៊ីស្រាអែល ផ្លាស់ប្តូរការសម្រេចចិត្តខ្លួនឡើងវិញ ព្រោះគំនិតនេះបញ្ចប់ការរំពឹងទុកនៃដំណោះស្រាយរដ្ឋពីរ ហើយផ្ទុយនឹងច្បាប់អន្តរជាតិ។
សហភាពអឺរ៉ុប បានជំរុញឱ្យអ៊ីស្រាអែល «បោះបង់ចោល» នូវផែនការនេះ ដោយនិយាយថា «ធ្វើឱ្យប៉ះពាល់ដល់ដំណោះស្រាយរដ្ឋពីរ ខណៈបំពានច្បាប់អន្តរជាតិ»។ ផែនការនេះក៏ត្រូវថ្កោលទោសដោយរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Lammy ដែលនិយាយថា ជាការរំលោភច្បាប់អន្តរជាតិ ហើយត្រូវតែបញ្ឈប់ជាបន្ទាន់។
ជាមួយគ្នានេះ ន័រវេស អេហ្ស៊ីប កាតា អាជ្ញាធរប៉ាឡេស្ទីន រួមទាំងក្រុម អង្គការ និងប្រទេសផ្សេងទៀត បានប្រឆាំងយ៉ាងម៉ឺងម៉ាត់នឹងផែនការនេះ ដោយនិយាយថា ចំណាត់ការនេះបង្ហាញថា អ៊ីស្រាអែល «ស្វះស្វែងរកទឹកដីសមស្របដែលជាកម្មសិទ្ធិរបស់ប៉ាឡេស្ទីន ដើម្បីទប់ស្កាត់ដំណោះស្រាយរដ្ឋពីរ»៕

