ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានលើកឡើងនៅថ្ងៃសុក្រ (១៥ សីហា) នេះថា ទីក្រុងសេអ៊ូល នឹងស្វះស្វែងរកការបន្តកិច្ចសហប្រតិបត្តិការអន្តរកូរ៉េ ហើយមានបំណងស្តារឡើងវិញនូវកិច្ចព្រមព្រៀងមួយដើម្បីផ្អាកសកម្មភាពយោធានៅតាមព្រំដែនជាមួយប្រទេសជិតខាង កូរ៉េខាងជើង។

ថ្លែងក្នុងសុន្ទរកថាប្រារព្ធខួបលើកទី៨០នៃការរំដោះកូរ៉េពីអាណានិគមជប៉ុន លោក Lee បាននិយាយថា លោកនឹងប្រឹងប្រែងស្តារឡើងវិញនូវអ្វីដែលហៅថា កិច្ចព្រមព្រៀងយោធាថ្ងៃទី១៩ ខែកញ្ញា ដែលត្រូវបានចុះហត្ថលេខាក្នុងកិច្ចប្រជុំកំពូលអន្តរកូរ៉េឆ្នាំ២០១៨ ហើយត្រូវរៀបចំឡើងដើម្បីកាត់បន្ថយភាពតានតឹងតាមព្រំដែនរួមគ្នារបស់ប្រទេសទាំងពីរ។
គួររម្លឹកថា ទីក្រុងព្យុងយ៉ាង បានលុបចោលកិច្ចព្រមព្រៀងនោះប្រកបដោយប្រសិទ្ធភាព ហើយនិយាយថា ខ្លួននឹងស្តារវិធានការយោធាទាំងអស់ឡើងវិញ បន្ទាប់ពីទីក្រុងសេអ៊ូល ផ្អាកផ្នែកខ្លះនៃកិច្ចព្រមព្រៀងនេះ ស្របពេលភាពតានតឹងកើនឡើងខ្លាំង។ លោក Lee ដែលឈ្នះតំណែងជាមេដឹកនាំកូរ៉េខាងត្បូងក្នុងការបោះឆ្នោតខែមិថុនា បានព្យាយាមស្ដារទំនាក់ទំនងជាមួយទីក្រុងព្យុងយ៉ាងឡើងវិញ បន្ទាប់ពីភាពតានតឹងឆ្លងកាត់ព្រំដែនមួយរយៈពេល និងបានបង្ហាញឆន្ទៈក្នុងការត្រលប់ទៅកិច្ចសន្ទនាឡើងវិញ៕

