បាល់ទាត់៖ ខ្សែប្រយុទ្ធប៉ូឡូញរបស់ក្លិប Bayern Munich កីឡាករ Robert Lewandowski បានក្លាយជាម្ចាស់ពានជ័យលាភីកីឡាករឆ្នើមបំផុតប្រចាំឆ្នាំ២០២១ FIFA Best Player of the Year ស្របពេល Cristian Ronaldo ឈ្នះពានពិសេសដាច់ដោយឡែកមួយពី FIFA។ កីឡាករវ័យ ៣៣ឆ្នាំ Robert Lewandowski ឈ្នះពានជ័យលាភីនេះ ២ឆ្នាំជាប់គ្នាក្រោយស៊ុតបញ្ចូលទីក្នុងឆ្នាំ២០២១ ដល់ទៅ ៦៩គ្រាប់ និងទទួលបានការគាំទ្រនៅពីលើ Mohamed Salah និង Lionel Messi។

Robert Lewandowski ថែមទាំងបានបំបែកកំណត់ត្រា ៤៩ឆ្នាំរបស់ខ្សែប្រយុទ្ធអាល្លឺម៉ង់ Gerd Muller ជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនបំផុតនៅ Bundesliga ក្នុងមួយឆ្នាំប្រតិទិនសរុប ៤៣គ្រាប់ក្នុង ៣៤ប្រកួតក្នុងលីគ។ ចំណែកឯខ្សែប្រយុទ្ធក្រុម Manchester United, Cristiano Ronaldo បានឈ្នះពានពិសេសមួយពី FIFA គឺ FIFA Best Player Special Award ក្រោយបំបែកកំណត់ត្រាកីឡាករដែលស៊ុតបញ្ចូលទីច្រើនបំផុត ឱ្យក្រុមជំរើសជាតិសរុប ១១៥គ្រាប់ឱ្យព័រទុយហ្កាល់បំបែកកំណត់ត្រារបស់ខ្សែប្រយុទ្ធអ៊ីរ៉ង់ Ali Daei ដែលមានសរុប ១០៩គ្រាប់។ បន្តមកពានជ័យលាភីផ្សេងទៀតរួមមាន Erik Lamela ឈ្នះពានគ្រាប់បាល់បញ្ចូលទីអស្ចារ្យបំផុត FIFA Pukas Award ដោយគ្រាប់បាល់ស៊ុតបញ្ចូលទីឱ្យ Spurs លើ Arsenal កាលពីខែមិនាឆ្នាំមុន។
អ្នកចាំទី Chelsea, Edourad Mendy ឈ្នះពានអ្នកចាំទីឆ្នើមបំផុតរបស់ FIFA ស្របពេលអ្នកចាត់ការ Chelsea, Thomas Tuchel ឈ្នះពានអ្នកចាត់ការឆ្នើមបំផុតរបស់ FIFA ផងដែរ។ ចំណែកផ្នែកនារីខ្សែប្រយុទ្ធក្រុមនារី Barcelona កីឡាការិនី Alexia Putellas ឈ្នះពានកីឡាការិនីឆ្នើមបំផុតរបស់ FIFA ផងដែរស្របពេលកីឡាការិនីកាណាដា Christian Sinclair ក៏មិនខុសពី Ronaldo ដែរដោយឈ្នះពាន FIFA Best Women Special Award ក្នុងនាមជាកីឡាការិនីដែលស៊ុតបញ្ចូលទីច្រើនបំផុត ឱ្យក្រុមជំរើសជាតិដល់ទៅ ១៨៨គ្រាប់៕
អត្ថបទ៖នាង សុភាវុធ