មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៤ សីហា) ថា កងទ័ពឆ្មាំជាតិ៨០០នាក់ ដែលត្រូវបានបញ្ជាឱ្យទៅកាន់ទីក្រុងវ៉ាស៊ីនតោនដើម្បីជួយដល់បុគ្គលិកអនុវត្តច្បាប់ដោយប្រធានាធិបតី លោក ដូណាល់ ត្រាំ ពេលនេះត្រូវបានដាក់ឲ្យចល័ត។

លោក Trump បានបញ្ជាឱ្យដាក់ពង្រាយដែលធ្វើតាមចំណាត់ការស្រដៀងគ្នាទៅនឹងក្នុងអំឡុងពេលការតវ៉ានៅទីក្រុង Los Angeles កាលពីខែមិថុនា ជាផ្នែកនៃអ្វីដែលលោកបានប្រកាសថាជាការបង្រ្កាបឧក្រិដ្ឋកម្មនៅក្នុងទីក្រុងវ៉ាស៊ីនតោន។

អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកស្រី Kingsley Wilson បានប្រាប់អ្នកសារព័ត៌មានថា «គិតត្រឹមថ្ងៃនេះ កងទ័ព និងឆ្មាំជាតិដែនអាកាសចំនួន៨០០នាក់ត្រូវបានដាក់ចល័ត។
លោកស្រី Wilson បាននិយាយថា ពួកគេ «នឹងជួយដល់អង្គភាពនគរបាលទីក្រុងវ៉ាស៊ីនតោន និងដៃគូអនុវត្តច្បាប់សហព័ន្ធជាមួយនឹងសន្តិសុខ ការល្បាតសុវត្ថិភាពសហគមន៍ ការការពារអគារនិងមន្រ្តីសហព័ន្ធ រួមទាំងប៉ុស្តិ៍ត្រួតពិនិត្យចរាចរណ៍»។
លោកស្រីបាននិយាយបន្ថែមថា កងទ័ព«នឹងនៅតែបន្តរហូតដល់ ច្បាប់និងសណ្តាប់ធ្នាប់ត្រូវបានស្ដារឡើងវិញនៅក្នុងទីក្រុងនោះ ខណៈត្រូវបានកំណត់ដោយប្រធានាធិបតី។ កងទ័ពអាមេរិកបាននិយាយថា បេសកកម្មដំបូងរបស់ឆ្មាំជាតិ «គឺត្រូវផ្តល់វត្តមានដែលអាចមើលឃើញនៅក្នុងតំបន់សាធារណៈសំខាន់ៗ ដោយបម្រើក្នុងការរារាំងឧក្រិដ្ឋកម្ម»។