ក្រុមហ៊ុនអាកាសចរណ៍ Air Canada និយាយថា ក្រុមហ៊ុនកំពុងស្ថិតក្នុងភាពជាប់គាំងក្នុងការចរចារបស់ខ្លួនជាមួយសហជីពដែលតំណាងឲ្យអ្នកបម្រើការលើយន្តហោះ និងបានប្រកាសថាក្រុមហ៊ុននឹងផ្អាកជើងហោះហើរទាំងអស់របស់ខ្លួននៅព្រឹកថ្ងៃសៅរ៍។

ក្រុមហ៊ុនអាកាសចរណ៍ Air Canada បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនរំពឹងថានឹងលុបចោលជើងហោះហើរប្រហែល៥០០វ៉ុល ដែលនឹងធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរ ១០០.០០០នាក់ នៅមុនការធ្វើកូដកម្មនៅថ្ងៃសៅរ៍តាមការគ្រោងទុកដោយអ្នកបម្រើការលើយន្តហោះ។
នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Air Canada បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយដែលបានបញ្ចប់ភ្លាមៗដោយសារតែការតវ៉ាដោយសមាជិកសហជីព។ លោក Mark Nasr ប្រធានផ្នែកប្រតិបត្តិការនៅក្រុមហ៊ុន Air Canada បាននិយាយថា ភាពស្មុគស្មាញនៃបណ្តាញក្រុមហ៊ុនអាកាសចរណ៍ ដែលធ្វើប្រតិបត្តិការយន្តហោះជាង២៥០គ្រឿង សម្រាប់ជើងហោះហើរទៅកាន់ប្រទេសចំនួន៦៥ តម្រូវឱ្យក្រុមហ៊ុនចាប់ផ្តើមកាត់បន្ថយសេវាកម្ម នៅពេលនេះ។ កូដកម្មនេះនឹងធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍របស់ប្រទេសក្នុងអំឡុងពេលមានការកើនឡើងការធ្វើដំណើរក្នុងរដូវក្តៅ និងបង្កឱ្យមានការសាកល្បងថ្មីសម្រាប់រដ្ឋាភិបាលសេរីនិយមដែលកំពុងកាន់អំណាចក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី លោក Mark Carney ដែលត្រូវបានស្នើសុំដោយក្រុមហ៊ុនអាកាសចរណ៍ឱ្យធ្វើអន្តរាគមន៍។ ក្រុមហ៊ុនអាកាសចរណ៍ Air Canada និងក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប Air Canada Rouge ដឹកជញ្ជូនអតិថិជនប្រហែល ១៣០.០០០ នាក់ក្នុងមួយថ្ងៃ។ ក្រុមហ៊ុន Air Canada ជាក្រុមហ៊ុនអាកាសចរណ៍បរទេសដែលមានចំនួនជើងហោះហើរច្រើនបំផុតទៅកាន់សហរដ្ឋអាមេរិក។

