ទិន្នន័យរបស់រដ្ឋាភិបាលជប៉ុនបានបង្ហាញនៅថ្ងៃសុក្រ ១៥ សីហានេះថា សេដ្ឋកិច្ចរបស់ប្រទេសនេះបានកើនឡើងប្រចាំឆ្នាំចំនួន១,០% ក្នុងត្រីមាសខែមេសាដល់ខែមិថុនា លើសពីការព្យាករណ៍ ទោះបីជាក្រុមអ្នកវិភាគរំពឹងថានឹងមានការប៉ះពាល់ខ្លាំងពីពន្ធរបស់សហរដ្ឋអាមេរិក ក៏ដោយ។

ការនាំចេញដែលមានភាពធន់ និងការចំណាយទុនបន្ថែមលើទ្រព្យសកម្ម បានគាំទ្រកំណើននៅក្នុងត្រីមាសទីពីរ ដែលទំនងជាគាំទ្រដល់ករណីសម្រាប់ធនាគារកណ្តាលជប៉ុនដើម្បីបន្តការដំឡើងអត្រាការប្រាក់ និងធ្វើឱ្យគោលនយោបាយរូបិយវត្ថុមានលក្ខណៈធម្មតា។ ប៉ុន្តែក្រុមសេដ្ឋវិទូព្រមានថា ភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកលដែលបង្កឡើងដោយការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក អាចថ្លឹងថ្លែងទៅលើប្រទេសមានសេដ្ឋកិច្ចធំជាងគេទីបួនរបស់ពិភពលោក មួយនេះ នៅក្នុងប៉ុន្មានខែខាងមុខ។

ការប្រើប្រាស់ឯកជនដែលមានច្រើនជាងពាក់កណ្តាលនៃទិន្នផលសេដ្ឋកិច្ច បានកើនឡើង ០,២% បើធៀបនឹងការប៉ាន់ប្រមាណទីផ្សារដែលបានកើនឡើង ០,១%។
រដ្ឋាភិបាលកាលពីសប្តាហ៍មុនបានកាត់បន្ថយការព្យាករណ៍កំណើនដែលបានកែតម្រូវដោយអតិផរណារបស់ខ្លួនសម្រាប់ឆ្នាំសារពើពន្ធនេះមកត្រឹម ០,៧% ពីការព្យាករដំបូង ១,២ % ដោយព្យាករណ៍ថា ការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកនឹងធ្វើឱ្យប៉ះពាល់ការចំណាយទុនបន្ថែមលើទ្រព្យសកម្ម ខណៈអតិផរណាបន្តដាក់បន្ទុកលើការប្រើប្រាស់៕