រយៈពេល ២០ឆ្នាំ កន្លងទៅ អ៊ីស្រាអែលបានដកខ្លួនចេញពីតំបន់ហ្កាហ្សា ដោយបានរុះរើកន្លែងតាំងទីលំនៅរបស់ជនជាតិជ្វីហ្វចំនួន ២១កន្លែង និងដកកងកម្លាំងរបស់ខ្លួនចេញពីទីនោះ។ ថ្ងៃសុក្រនេះ គឺថ្ងៃខួបនៃការចាប់ផ្តើមនៃការដកកងទ័ពចេញដ៏សំខាន់ពីតំបន់នេះ បានកើតឡើង ខណៈដែលអ៊ីស្រាអែល កំពុងប្រឈមមុខនឹងសង្រ្គាមជិត ២ឆ្នាំ ជាមួយក្រុមហាម៉ាស ដែលបានបំផ្លិចបំផ្លាញទឹកដីប៉ាឡេស្ទីន ហើយមានន័យថា ប្រទេសនេះ ទំនងជារក្សាកងទ័ពនៅទីនោះ បានយូរទៅអនាគត។
ការដកខ្លួនចេញរបស់អ៊ីស្រាអែល ដែលបានរួមបញ្ចូលនូវការរុះរើកន្លែងតាំងទីលំនៅចំនួន ៤កន្លែង នៅតំបន់វេសបែង (West Bank) ដែលគ្រប់គ្រងដោយអ៊ីស្រាអែល គឺជាការប៉ុនប៉ងដ៏ចម្រូងចម្រាសរបស់អតីតនាយករដ្ឋមន្ត្រីលោក Ariel Sharon ក្នុងការចាប់ផ្តើមការចរចាជាមួយប៉ាឡេស្ទីន។ ប៉ុន្តែកិច្ចប្រឹងប្រែងនោះ បានធ្វើឲ្យសង្គមអ៊ីស្រាអែលបែកបាក់យ៉ាងជូរចត់ និងនាំទៅដល់ការផ្តល់អំណាចដល់ក្រុមហាម៉ាស ជាមួយនឹងផលលំបាកយ៉ាងធ្ងន់ធ្ងរ ដែលបន្តមានរហូតមកទល់ពេលបច្ចុប្បន្ន។
រូបភាពដ៏រំជួលចិត្តរបស់ជនជាតិជ្វីហ្វ ដែលត្រូវបានទាហានអ៊ីស្រាអែលបង្ខំឲ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេ បានធ្វើឲ្យមានចលនាស្តាំនិយមជ្រុល និងអ្នកតាំងលំនៅរបស់អ៊ីស្រាអែល។ កំហឹងបានជួយពួកគេរៀបចំ និងបង្កើនឥទ្ធិពលនយោបាយរបស់ពួកគេ ដោយមួយផ្នែកបានធ្វើឲ្យកើនឡើងនូវអ្នកនយោបាយរឹងរូស ដូចជារដ្ឋមន្ត្រីសន្តិសុខជាតិលោក Itamar Ben-Gvir និងរដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Bezalel Smotrich ជាដើម។
កាលពីថ្ងៃព្រហស្បតិ៍ លោក Smotrich បានអះអាងពីផែនការពង្រីកការតាំងទីលំនៅ នៅភាគខាងកើត ទីក្រុងហ្ស៊េរុយសាឡឹម ដែលនឹង«បញ្ចប់»គំនិតនៃការបង្កើតរដ្ឋប៉ាឡេស្ទីន នាពេលអនាគត។