នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅថ្ងៃសុក្រ (ទី១៥ ខែសីហា) បានជំរុញប្រទេសឲ្យពន្លឿនឆ្ពោះទៅរកការពឹងលើខ្លួនឯងឲ្យកាន់តែច្រើន ដោយផលិតនូវអ្វីគ្រប់យ៉ាង រាប់ចាប់ពីជី រហូតដល់ម៉ាស៊ីនយន្តហោះ និងអាគុយ EV (រថយន្តអគ្គិសនី) ហើយលោកបានប្តេជ្ញាការពារកសិករ នៅចំពោះមុខការមានជម្លោះពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោន។
លោក Modi កំពុងថ្លែងទៅកាន់ប្រជាជាតិ នៅក្នុងឱកាសនៃទិវាបុណ្យឯករាជ្យជាតិរបស់ប្រទេស ស្របពេលដែលទីក្រុងញូវដេលីកំពុងប្រឹងដោះស្រាយបញ្ហាពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបានដាក់លើទំនិញឥណ្ឌា និងការដួលរលំនៃកិច្ចពិភាក្សាពាណិជ្ជកម្ម ដែលភាគច្រើនដោយសារតែភាពខុសគ្នាលើការនាំចូលកសិដ្ឋាន និងផលិតផលទឹកដោះគោរបស់អាមេរិក។
អំឡុងពេលថ្លែងសុន្ទរកថាប្រចាំឆ្នាំរបស់លោកពីកំពែងក្រហម ក្នុងទីក្រុងញូវដេលី លោក Modi បានបញ្ជាក់ថា៖ «កសិករ អ្នកនេសាទ អ្នកចិញ្ចឹមគោ គឺជាអាទិភាពចម្បងរបស់យើង។ ខ្ញុំ Modi នឹងឈរដូចជាជញ្ជាំងប្រឆាំងនឹងគោលនយោបាយណាមួយ ដែលគំរាមកំហែងដល់ផលប្រយោជន៍របស់អ្នកទាំងនោះ។ ឥណ្ឌានឹងមិនសម្រុះសម្រួល នៅពេលដែលនិយាយអំពីការការពារផលប្រយោជន៍របស់កសិកររបស់យើង»។
យ៉ាងណាក្ដី លោក Modi មិនបាននិយាយយោងទៅដល់បញ្ហាពន្ធគយ ឬសហរដ្ឋអាមេរិក ក្នុងសុន្ទរកថារបស់លោក ដែលមានរយៈពេលជិត ២ម៉ោងនោះឡើយ។ កាលពីសប្តាហ៍មុន លោក Trump បានដាក់ពន្ធបន្ថែម ២៥ភាគរយលើទំនិញឥណ្ឌា ដោយលើកឡើងពីការបន្តនាំចូលប្រេងពីរុស្ស៊ីរបស់ទីក្រុងញូវដេលី ជាចំណាត់ការដែលបង្កើនភាពតានតឹងរវាងប្រទេសទាំង២។ ពន្ធនាំចូលថ្មី នឹងធ្វើឲ្យអត្រាពន្ធលើការនាំចេញរបស់ឥណ្ឌាមួយចំនួនឡើងដល់កម្រិតខ្ពស់រហូតដល់ ៥០ភាគរយ៕