អ្នកការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុប (EU) កាលពីថ្ងៃព្រហស្បតិ៍ (ទី១៤ ខែសីហា) បានជំរុញឲ្យអ៊ីស្រាអែល «បោះបង់» ផែនការសាងសង់លំនៅឋាន នៅក្នុងតំបន់ដែលមានជម្លោះជាពិសេសនៃតំបន់កាន់កាប់ West Bank ជាគម្រោងដែលទទួលបានការគាំទ្រពីរដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ីស្រាអែល។
លោកស្រី Kaja Kallas បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការសម្រេចចិត្តរបស់អាជ្ញាធរអ៊ីស្រាអែល ក្នុងការជំរុញដល់ផែនការតាំងលំនៅឋាន E1 ធ្វើឲ្យប៉ះពាល់បន្ថែមទៀតដល់ដំណោះស្រាយរដ្ឋ២ ខណៈដែលកំពុងបំពានច្បាប់អន្តរជាតិ»។

តាមរយៈសេចក្ដីថ្លែងការណ៍នោះ លោកស្រី Kallas បានបន្ថែមថា៖ «សហភាពអឺរ៉ុបជំរុញឲ្យអ៊ីស្រាអែលបញ្ឈប់បន្តការសម្រេចចិត្តនេះ ដោយកត់សម្គាល់ពីផលប៉ះពាល់យ៉ាងធំធេង ដោយសារផែនការនេះ»។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់អ៊ីស្រាអែល បានគាំទ្រផែនការសាងសង់ផ្ទះសម្បែងចំនួន ៣.៤០០ខ្នង នៅក្នុងតំបន់ដែលមានជម្លោះជាពិសេសនៃតំបន់កាន់កាប់ West Bank ដោយអំពាវនាវឲ្យមានការបញ្ចូលជាដែនដីឧបសម្ព័ន្ធ ជាការឆ្លើយតបទៅនឹងផែនការរបស់ប្រទេសមួយចំនួន ក្នុងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន៕

